(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពងស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះទៅប្រគល់ផ្ទះចំនួន០៦ ខ្នងដល់គ្រួសារពលរដ្ឋទីទ័លក្រ និងរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលកំពុងរស់នៅក្នុងឃុំចំនួន០២ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសប្រគល់ផ្ទះទាំង០៦ខ្នងនោះ លោក វ៉ី សំណាង បានឱ្យដឹងថា ពលរដ្ឋដែលទទួលបានផ្ទះពីគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ជាប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងរងគ្រោះក្នុងឧបទ្ទវហេតុខ្យល់កន្ត្រាក់រលំផ្ទះ ហើយផ្ទះទាំង០៦ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកអភិបាល និងជាប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់បន្ថែមថា ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា និងផ្តល់ជូនទៅគ្រប់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ-ឃុំ ស្រុក និងខេត្តដែលមានជីវភាពទីទ័លខ្វះខាត និងរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ដោយមិនកំណត់ និងមិនប្រកាន់និន្នាការនយោបាយ ធ្វើយ៉ាងណាសម្រួលដល់ការរស់នៅរបស់បងប្អូនបានសមរម្យ។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលបានទទួលផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានពលរដ្ឋក្នុងឃុំត្រពាំងជោចំនួន៣ខ្នងផ្ទះ និងឃុំរស្មីសាមគ្គីចំនួន ៣ខ្នងផ្ទះ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ ក៏បានជួបសំណេះសំណាល និងចែកអំណោយដល់គ្រួសារងាយរងគ្រោះចំនួន៣៨គ្រួសារផងដែរ៕