(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងណែនាំដល់គ្រប់មន្ទីរអង្គភាពស្ថាប័នទាំងអស់ សូមចូលរួមផ្តល់កិច្ចសហការ ដើម្បីបន្តនិរន្តរភាពការងារឲ្យបានល្អប្រសើរ និងខិតខំពង្រឹងវិន័យការងារ គោរពពេលវេលា ជាពិសេសខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ឆាប់រហ័ស និងស្មារតីទទួលខុសត្រូវខ្ពស់។

លោក សុខ លូ បានលើកឡើងដូចនេះនារសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បាត់ដំបង រួមទាំងមន្ត្រីជាច្រើនរូបទៀតនៅសាលប្រជុំសាលា ខេត្តបាត់ដំបង។

លោក សុខ លូ បានបន្ថែមថា ក្នុងនាមលោកជាអភិបាលខេត្ត មានគោលបំណងតែមួយគត់ គឺបម្រើប្រជាពលរដ្ឋឱ្យរស់នៅក្នុងភាពសុខដុមរមណី នឹងធ្វើឲ្យមានការ រីកចម្រើននៅក្នុងខេត្តបន្ថែមទៀត។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានជំរុញដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ខិតខំពង្រឹងអនុវត្ត នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានរលូន នៅគ្រប់មូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើស ចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង គ្រប់ប្រភេទ ក្មេងទំនើង ការជួញដូរ ចែកចាយគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន ជាពិសេសទប់ស្កាត់អំពីបញ្ហានៃការលួចឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងស្វែងរកមុខសញ្ញាមេខ្យល់ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕