(ភ្នំពេញ)៖ ប្រទេសកម្ពុជានាំចេញអង្ករបានជាង១៦ម៉ឺនតោន នៅត្រីមាសទី១ ដើមឆ្នាំ២០១៦នេះ កើនឡើង៨.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥ នេះបើយតាមការរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជា របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។

របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមិនា ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករទៅកាន់បរទេសបានចំនួន ១៦២,២២០ តោន កើនឡើង៨,៥ភាគរយ បើធៀបនឹង៣ខែដំបូងឆ្នាំ២០១៥ មានត្រឹមតែ ១៤៩,៤៦៤តោនប៉ុណ្ណោះ។

សូមជម្រាបថា នៅឆ្នាំ២០១៥កន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករបានជាង ៥៣ម៉ឺនតោន។ ប្រទេសពឹងផ្អែកខ្លាំងលើវិស័យកសិកម្មមួយនេះ អាចនឹងចំណាយពេលរហូតដល់ឆ្នាំ២០២០ ដើម្បីសម្រេចគោលដៅ នាំចេញអង្ករឲ្យបាន១លានតោន របស់រាជរដ្ឋាភិបាលកម្ពុជា៕