(ភ្នំពេញ)៖ កញ្ញា ខុម ចាន់ដារ៉ាទី ហៅ «ស្រីមុំ» ដែលរងការចោទថា មានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា រហូតបែកធ្លាយសំឡេងតាមបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយ បានដាក់ពាក្យស្នើនៅម្សិលមិញនេះ ដើម្បីពន្យារពេលចូលឆ្លើយបំភ្លឺតាមការកោះហៅ។ នេះបើតាម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ប្រាប់ Fresh News។

កញ្ញា ខុម ចាន់ដារ៉ាទី ដែលកន្លងមកធ្លាប់ចូលបំភ្លឺនៅក្រសួងមហាផ្ទៃ ត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ កោះហៅឱ្យចូលបំភ្លឺតាមការកំណត់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះ ជុំវិញការលើកឡើងនៅក្នុងសំឡេងខ្សែអាត់។ ជាមួយគ្នានេះ ព្រះរាជអាជ្ញារងរូបនោះ ក៏បានកោះហៅ លោក ទួន សុជាតិ ថៅកែហាងកាត់សក់ «ខ្មែរអង្គរ» ដែលជាថៅកែរបស់ស្រីមុំ ឱ្យឡើងឆ្លើយបំភ្លឺរួចហើយ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ផងដែរ។

លោក នី សុខា បានបញ្ជាក់ មូលហេតុដែលស្រីមុំ ដាក់ពាក្យសុំពន្យារពេលចូលឆ្លើយបំភ្លឺ ក៏ដោយសារតែពេលនេះ ស្រីមុំនៅមិនទាន់មានមេធាវីការពារក្តីឱ្យនៅឡើយ។ លោកថា ពេលនេះ មន្រ្តីអាដហុក កំពុងតែពិចារណា ក្នុងការផ្តល់មេធាវីជូនស្រីមុំ បើសិនជាមានការស្នើសុំ។

លោក នី សុខា បានបន្ថែមថា ចំពោះការចូលបំភ្លឺលើកក្រោយនៅពេលណានោះ លោកមិនដឹងនោះទេ អាស្រ័យលើតុលាការ។ លោកថា ចំពោះរឿងនេះ តុលាការអាចចេញដីការកោះហៅជាលើទី២ ជាថ្មីម្តងទៀតបាន។

កន្លងមក កញ្ញា ធី សុវណ្ណថា ដែលអតីតជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានដាក់ពាក្យប្តឹងមួយទៅតុលាការចោទថាជាការបរិហារកេរ្តិ៍ ដែលកន្លងមកមានសំឡេងខ្សែអាត់មួយ ដែលគេសង្ស័យលើ លោក កឹម សុខា និងកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ សន្ទនាគ្នាដោយនិយាយពាក់ព័ន្ធនឹងឈ្មោះ ធី សុវណ្ណថា។ កញ្ញា ធី សុវណ្ណថា សំឡេងសន្ទនានោះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់នាង៕