(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពអំពីការសរសេរព័ត៌មាន ដល់បុគ្គលិកព័ត៌មាន Fresh News បានចាប់ផ្តើមហើយ នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១នេះ នាទីស្នាក់ការកណ្តាលរបស់អង្គភាពព័ត៌មាន Fresh News ដែលបង្រៀនដោយអ្នកជំនាញជើងចាស់ លោក ម៉ារ យ៉ារិទ្ធ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ខែ ចាប់ផ្តើមពីសិក្សាចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោក លឹម ជាវត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News ដោយមានការគាំទ្រទាំងស្រុងពី លោក ម៉ារ យ៉ារិទ្ធ ដែលជាអ្នកកាសែតខ្លាំងពូកែមួយរូប រហូតទទួលបានរហ័សនាមជា «អាត់ជួង»។

ការបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់លើការសរសេរព័ត៌មានដំណឹង ការសរសេរបទយកការណ៍ ការធ្វើសេចក្ដីរាយការណ៍ផ្ទាល់ ការសរសេរទស្សនៈ អត្ថបទវិភាគ និងវិចារណកថា ព្រមជាមួយការអានសម្រាប់ពិធីករ ពិធីការិនីព័ត៌មាន និងវេទិការតុមូល (Talkshow)ជាដើម ។

ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់ក្នុងការពង្រីកសមត្ថភាពបុគ្គលិក Fresh News ទាំងអស់ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីផលិតព័ត៌មានបម្រើមហាជនជាតិ និងអន្តរជាតិ ក្នុងនាមជាអង្គភាពព័ត៌មានមួយដែលទទួលបានការគាំទ្រជាបន្តបន្ទាប់ពីសាធារណជនគ្រប់ស្រទាប់វណ្ណៈ រយៈពេលជាង៧ឆ្នាំមកនេះ។

លោកបន្តថា ការវិវឌ្ឍ និងការប្រកួតប្រជែងវិស័យព័ត៌មាននៅក្នុងពិភពលោក បានជំរុញឱ្យ Fresh News ខិតខំអភិវឌ្ឍធនធានរបស់ខ្លួនជាបន្តបន្ទាប់ ហើយពេលនេះវាចាំបាច់ណាស់ ដែលអង្គភាពត្រូវមានមជ្ឈមណ្ឌលមួយសម្រាប់ការបណ្តុះបណ្តាល ដែលមិនត្រឹមតែបង្រៀនបុគ្គលិករបស់ខ្លួនប៉ុណ្ណោះទេ FTC ក៏នឹងចូលរួមចំណែកបង្រៀនអំពីជំនាញព័ត៌មានជូនដល់យុវជន សិស្សនិស្សិត និងសាធាណជនដទៃទៀតផងដែរក្នុងពេលឆាប់ៗនេះ។

មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០២១។ FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកធ្លាប់ជាអ្នកបណ្តុះបណ្តាល និងប្រឡូកក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

ព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានរូបនេះ ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោកក៏បានចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំស្ថាប័នសារព័ត៌មានជាច្រើន រហូតអ្នកសារព័ត៌មានជាច្រើនបានផ្ដល់រហ័សនាមជូនលោកថា «អាត់ជួង» នៅកម្ពុជាផងដែរ។

លោក ម៉ារ យ៉ារិទ្ធ បានសម្តែងនូវភាពរីករាយ ដែលបានរួមចំណែកជាមួយ Fresh News ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន។ លោក ជឿជាក់ថា បុគ្គលិកផ្នែកសរសេរ និងអាន របស់បណ្ដាញព័ត៌មាន Fresh News នឹងកាន់តែយល់ដឹកកាន់តែច្បាស់ អំពីការសរសេរព័ត៌មាន និងបានពង្រីកសមត្ថភាពរបស់ខ្លួនបន្ថែមមួយកម្រិតទៀត ដើម្បីបំពេញការងារជូនអង្គភាព។

គួរបញ្ជាក់ផងដែរថា សម្រាប់វគ្គបណ្តុះបណ្តាលលើកដំបូងរយៈពេល៣ខែនេះ មានសិក្ខាកាមជាបុគ្គលិក Fresh News ប្រមាណ៣០រូបចូលរួម ហើយក្រោយបញ្ចប់វគ្គសិក្សា ពួកគេនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយអង្គភាពព័ត៌មាន Fresh News ហើយមានការទទួលស្គាល់ពីអង្គភាពជំនាញ និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ : 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ 086 858 748