(ព្រះវិហារ)៖ អ្នកនាំពាក្យតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតថា ដីរបបយោធិនចំនួន១៦៤ហិកតា ត្រូវបានបាតត់បង់។

ការចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ គឺបន្ទាប់ពីសារព័ត៌មានអនឡាញមួយ បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ (វគ្គ៦) ដោយចោទប្រកាន់ថា អ្នកមានកិត្តិយសធំ មានអំណាចធំ រំលោភយកដីគោលរបបយោធិនចំនួន១៦៤ហិកតា លើចំនួនដីរួម៨៨៧ហិកតា។

ជុំវិញការចោទប្រកាន់ អ្នកនាំពាក្យតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបញ្ជាក់ថា៖ «អង្គភាពមានឯកសារគ្រប់គ្រាន់ច្បាស់លាស់ ក្នុងការគ្រប់គ្រងលើផ្ទៃដីនេះ និងបានធ្វើការបែងចែកដីឡូតិ៍លំនៅដ្ឋាន និងដីបង្កបង្កើនផល ជូនដល់យោធិន តាមគោលរបបកំណត់ស្របតាមគោលនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា»។

ជាថ្មីម្តងទៀត អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សូមបដិសេធនូវការចុះផ្សាយព័ត៌មានមិនពិត ដែលបានដកស្រង់ខ្លឹមសាររបស់ភាគីតែម្ខាងយកមកចុះផ្សាយ ជាហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព ជាពិសេសធ្វើឱ្យមានការភ័ណច្រឡំ ពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទី៤៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ៖