(កំពង់ឆ្នាំង)៖ លោកយាយម្នាក់មានអាយុ៩៣ឆ្នាំ រស់នៅភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដែលមានបំណង់ចង់ចាក់វ៉ាក់សាំងកូវីដ១៩ ប៉ុន្ដែមិនអាចធ្វើដំណើរទៅកាន់កន្លែងបាននោះ ត្រូវក្រុមគ្រូពេទ្យស្ពាយវ៉ាក់សាំងយកទៅចាក់ដល់ខ្នងផ្ទះតែម្ដង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ។

លោកយាយ សៅ ហោន បើទោះបីគាត់មានវ័យចាស់ជរាក៏ពិតមែន ប៉ុន្ដែបានបង្ហាញនូវការយល់ឃើញពីសារៈសំខាន់របស់វ៉ាក់សាំង ដែលជួយការពារលោកយាយពីការឈឺធ្ងន់ធ្ងរ ក្នុងករណីឆ្លងជំងឺដ៏កាចសាហាវមួយនេះ ពីក្រុមគ្រួសារ។

តាំងពីប្រកាសយុទ្ធនាការមកម្ល៉េះលោកយាយ ចង់ចាក់វ៉ាក់សាំងខ្លាំងណាស់ ប៉ុន្ដែដោយសារស្ថានភាពចាស់ជរាខ្លាំងពេក ទើបមិនអាចធ្វើដំណើរទៅកាន់កន្លែងចាក់ដោយខ្លួនឯងបាន។

ដោយមើលឃើញពីបញ្ហានេះ និងដោយអនុវត្តតាមការណែនាំពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសនោះ ក្រុមគ្រូពេទ្យបានស្ពាយវ៉ាក់សាំងយកទៅចាក់ជូនលោកយាយដល់ផ្ទះតែម្ដង។ លោកយាយ សៅ សាន បានចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទស៉ីណូវ៉ាក់ ខណៈការចាក់លើកទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ជាមួយគ្នានេះ លោកយាយ សៅ ហោន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់ឱកាសឲ្យលោកយាយបានចាក់វ៉ាក់សាំងនាពេលនេះ។ លោកយាយ ក៏បានអរគុណដល់ក្រុមគ្រូពេទ្យ ដែលបានស្ពាយវ៉ាក់សាំងមកចាក់ជូនលោកយាយ ដល់ផ្ទះតែម្ដង។

សូមជម្រាបថា កាលពីពេលកន្លងទៅ លោកស្រី ឱ វណ្ណឌីន ក្នុងនាមជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស តែងតែបានណែនាំ និងក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវស្ពាយវ៉ាក់សាំងកូវីដ១៩នេះ ចាក់ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះតែម្ដង ក្នុងករណីពួកគាត់លំបាកធ្វើដំណើរមកកាន់ទីតាំងដែលកំពុងតែដំណើរការចាក់៕