(កំពង់ចាម)៖ លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត រួមនឹងសហការី នៅថ្ងៃទី១៦ ខែតុលាឆ្នាំ ២០២១នេះ បានប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនដល់ស្ត្រីមេម៉ាយ មានកូននៅក្នុងបន្ទុកចំនួន៦នាក់ ដែលត្រូវភ្លើងឆាបឆេះអស់ នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

បើតាមនាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឱ្យដឹងថា ផ្ទះថ្មី ១ខ្នងដែលផ្តល់ជូនស្រ្តីឈ្មោះ សន វី អាយុ៣៦ឆ្នាំ ជាស្រីមេម៉ាយទ័លលំបាក មានកូនប្រុស ស្រីចំនួន ៦នាក់ និងចៅស្រីម្នាក់ នៅក្នុងបន្ទុកនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោក ទូច ឆៃ បានរំលឹកថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅលំនៅដ្ឋានរបស់លោកស្រី សន វី ដែលធ្វើពីឈើ ប្រក់សង្កសី ១ខ្នង មានទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី។

ទន្ទឹមនឹងនោះដែរលោក អ៊ុន ចាន់ដា ក៏បានចាត់តំណាងចុះផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់គ្រួសាររងគ្រោះ។ រីឯលោក ហ៊ុន ណេង ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពជនរងគ្រោះដោយផ្ទាល់ហើយបានសម្រេចផ្តល់ផ្ទះថ្មី១ខ្នង ជូនស្រ្តី សន វី ដើម្បីបានស្នាក់នៅសមរម្យនឹងគេផងដែរ។

ជាមួយគ្នានោះដែរ ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ របស់គ្រួសារនោះសាខាកាកបាទក្រហមខេត្ត បានផ្តល់ជូនអំណោយ ជាសម្ភារ គ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករ ៥០គីឡូ, មី ២កេស, ត្រីខ២០កំប៉ុង, ទឹកត្រី១២ដប, ទឹកស៊ីអ៉ីវ ១២ដប, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់, អាវយឺត១៦, សម្ភារផ្ទះបាយ និងសម្ភារប្រេីប្រាស់ក្នុងផ្ទះមួយចំនួន ព្រមទាំងថវិកាចំនួន២០០,០០០ រៀល និងថវិការបស់លោក ហ៊ុន ណេង បានឧបត្ថម្ភបន្ថែមចំនួន៥០០ដុល្លារផងដែរ៕