(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានថ្លែងថា មានបេក្ខភាពចំនួន ១១០រូប បានឈរឈ្មោះឲ្យគេបោះឆ្នោត ដើម្បីក្លាយជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០។

ក្នុងឱកាសបើកដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១០ លោក លី ច័ន្ទតុលា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆ្នាំនេះ យើងមានបេក្ខជន ចំនួន ១១៥រូប ដែលបានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពក្រុមប្រឹក្សាគណៈមេធាវី ប៉ុន្តែមានបេក្ខជន ៥រូប បានដកបេក្ខភាពវិញ នៅសល់តែ ១១០រូបប៉ុណ្ណោះ។ ខ្ញុំសូមកោតសរសើរបេក្ខជនទាំងអស់ ដែលបានគោរពអនុវត្តតាមច្បាប់ និងបទបញ្ជា ស្តីពីការឃោសនារកការគាំទ្រ នៅក្នុងរយៈពេល ៣០ថ្ងៃកន្លងមកនេះ»។

ឆ្លៀតក្នុងឱកាសនេះ លោក លី ច័ន្ទតុលា បានអំពាវនាវដល់ប្រធាន និងសមាជិក នៃគណៈកម្មការបោះឆ្នោត ត្រូវបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតី ទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ដោយគោរព និងអនុវត្តឲ្យបានត្រឹមត្រូវ តាមបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត ធ្វើយ៉ាងណាឲ្យការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១០ ប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងយុត្តិធម៌។ លោកថែមទាំងបានអំពាវនាវ ដល់បេក្ខជន និងអ្នកសង្កេតការណ៍បោះឆ្នោត ធ្វើសកម្មភាពក្នុងរង្វង់ច្បាប់ និងបទបញ្ជាស្តីពីការបោះឆ្នោត។

លោក លី ច័ន្ទតុលា ក៏បានជំរុញដល់សហភាតា ដែលមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោតដោយផ្ទាល់នៅគណៈមេធាវី ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសសមាជិក សមាជិកា ក្រុមប្រឹក្សាដែលខ្លួនពេញចិត្ត។ សូមជម្រាបថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី មានចំនួន ៣៣រូប៕