(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ចំពោះមរណភាពរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខៀវ លន់ ដែលត្រូវជាឪពុកបង្កើត។

លោក វ៉ា ថន បានថ្លែងថា «ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តក្រចេះ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា មានសេចក្តីក្តុកក្តួល និងសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ខៀវ លន់ នៅថ្ងៃសុក្រទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៨៖៣៥នាទី ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ»

មរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ខៀវ លន់ គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងបានអប់រំណែនាំផ្តល់ដំបូន្មានធ្វើឲ្យកូនចៅបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំដែលមានស្នាដៃក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការចូលរួមអភិវឌ្ឍខេត្តក្រចេះ ក៏ដូចជាសង្គមជាតិ។

នៅក្នុងពេលវេលាដ៏សែនក្រៀមក្រំរំជួលចិត្តនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយ អាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ខៀវ លន់ សូមឆាប់បានយានយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕