(ព្រះសីហនុ)៖ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និងកម្លាំងងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថង សម្បត្តិ នៅចំណុចបេនឡានក្រុង បុរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយបង្កអំពើហិង្សាលើបុរសជនជាតិម្នាក់ ដោយយកកាំបិតចាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងបញ្ជូនទៅព្យាបាលមន្ទីរពេទ្យ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនបុរសម្នាក់នេះ កម្លាំងជំនាញបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។

សូមជម្រាបថា កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៤៖២១នាទីទៀបភ្លឺ នៅចំណុចទល់មុខសណ្ឋាគារស៉ីហ៊ូ ស្ថិតនៅក្រុម២ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាមួយ បានកើតឡើងបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណជាម្នាក់បើកម៉ូតូកង់បី (Pass App)។

ជនរងគ្រោះឈ្មោះ CHEN JIALI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន បានជួលម៉ូតូកង់បីជិះជាមួយមិត្តស្ត្រីចេញពីឆ្នេរអូឈើទាល មកដល់ចំណុចកើតហេតុខាងលើ កើតមានជម្លោះជាមួយអ្នកបើកម៉ូតូកង់បី ក្នុងពេលនោះអ្នកបើកម៉ូតូបានចាក់ទៅលើជនរងគ្រោះចំពោះផ្នែកខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងូរ (សន្លប់រហូត) បច្ចុប្បន្នកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យថៃខាង៕