(ភ្នំពេញ)៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា របស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានស្នើប្រជាពលរដ្ឋខ្មែរ សូមកុំប្រញាប់ឆាប់ជឿពេក នូវអ្វីដែលបរទេសសរសេរពីខ្មែរ ហើយលោកក៏សំណូមពរ ដល់អង្គការសង្គមស៉ីវិល សូមកុំប្រញាប់បន្ទរតាមពួកបរទេស មកបង្អាប់ជាតិខ្លួនឯងលឿនពេកដែរ។

សំណូមពររបស់បញ្ញាវ័ន្តខ្មែររូបនេះ បានធ្វើឡើងបន្ទាប់ពីអង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project ហៅកាត់ថា WJP) បានចេញផ្សាយរបាយការណ៍ នាពេលថ្មីៗនេះថា នៅក្នុងចំណោម ១៣៩ប្រទេស កម្ពុជាទទួលបានចំណាត់ថ្នាក់នៅលេខរៀងទី១៣៨ ជាប្រទេសដែលមាននីតិរដ្ឋទាប ជាងគេបំផុត នៅឆ្នាំ២០២១។ ភ្លាមៗនោះ អង្គការសង្គមស៉ីវិល បានយករបាយការណ៍អង្គការបរទេសខាងលើ យកមកវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំង។

ពាក់ព័ន្ធនឹងរបាយការរបស់ WJP និងសកម្មភាពរបស់ង្គមស៉ីវិលនោះ ធ្វើឲ្យលោក គិន ភា សម្តែងការហួសចិត្តជាខ្លាំង។ តាមរយៈ Facebook ផ្លូវការ គឺលោកបានដាក់សំណួរថា៖ «តើ នីតិរដ្ឋរបស់កម្ពុជាពិតជាអន់ជាងមីយ៉ាន់ម៉ា និងអាហ្វកានីស្ថានឬ?»

លោក គិន ភា បន្ថែមថា «វាពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យហួសចិត្តមួយ ដែលរបាយការណ៍សន្ទស្សន៍នីតិរដ្ឋប្រចាំឆ្នាំ២០២១ រៀបចំដោយ WJP ចេញផ្សាយនៅក្នុងសប្តាហ៍នេះ បង្ហាញថា ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់នៅលេខរៀងទី១៣៨ ក្នុងចំណោម១៣៩ ដែលជាប្រទេសដែលមាននីតិរដ្ឋទាបជាងគេបំផុតនៅឆ្នាំ២០២១នេះ»

អ្វីដែលដ៏គួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តនោះ គឺប្រទេសកម្ពុជាទទួលបានពិន្ទុទាបជាង សូម្បីតែសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (១៣៧), អាហ្កានីស្ថាន (១៣៥), ហៃទី (១៣២), មីយ៉ាន់ម៉ា (១២៨), ហ្វីលីពីន (១០២), វៀតណាម (៨៨), ថៃ (៨០), កូសូវ៉ូ (៦០)...។ល។ ប្រទេសកម្ពុជាបានទទួលពិន្ទុខ្ពស់ជាងតែប្រទេសវេណែហ្ស៊ុយអេឡា (១៣៩) មួយគត់។

នៅក្នុងរបាយការណ៍របស់ខ្លួន, WJP បានវាស់វែងដោយផ្អែកលើកត្តាចំនួន ៨ រួមមាន៖ ការប្រឈមនៃអំណាចរដ្ឋាភិបាល, អវត្តមាននៃអំពើពុករលួយ, រដ្ឋាភិបាលបើកចំហ, សិទ្ធិជាមូលដ្ឋាន, សណ្ដាប់ធ្នាប់និងសន្តិសុខ, ការអនុវត្ត ច្បាប់, យុត្តិធម៌ស៉ីវិល, និងយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ។

លោក គិន ភា បានសង្កត់ធ្ងន់ៗថា បើផ្អែកលើកត្តាចំនួន ៨ ដែល WJP យកមកវាស់វែងសន្ទស្សន៍នីតិរដ្ឋរបស់ខ្លួន តើកម្ពុជាពិតជាអន់ជាងសូម្បីតែមីយ៉ានម៉ានិងអាហ្វាកានីស្ថានឬ? នេះយើងមិនទាន់និយាយដល់ប្រទេសកុម្មនីស្ត និងប្រទេសផ្តាច់ការមួយចំនួនទៀតផង ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងកម្ពុជា។ តើរបាយការណ៍នេះឆ្លុះបញ្ចាំងពីអ្វី? និងមានចេតនាអ្វីពិតប្រាកដ?

តើប្រទេសក្នុងឧទាហរណ៍ខាងលើ ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងកម្ពុជា តើប្រសើរជាងកម្ពុជាលើទិដ្ឋភាពអ្វី? ភាគច្រើននៃប្រទេសទាំងនោះ ពោរពេញដោយអំពើហិង្សា ផ្តាច់ការ រដ្ឋប្រហារ ពុករលួយ គ្រោះទុរ្ភឹក្ស កុម្មុយនិស្ត ការគ្រប់គ្រងដោយយោធា និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ជាដើម។

ការដាក់ចំណាត់ថ្នាក់កម្ពុជា ទាបជាងប្រទេសទាំងនោះ វានាំឱ្យមានការសង្ស័យទៅវិធីសាស្ត្រនៃការស្ទង់មតិ របៀបវារៈ និងគោលបំណងនៅក្រោយឆាកនៃ WJP។ ពាក់ព័ន្ធនឹងការស្ទង់មតិអំពីប្រទេសកម្ពុជា តើសាធារណជន និងអ្នកជំនាញដែល WJP បានសម្ភាសន៍ និងពិភាក្សា ជានរណា? ជ្រើសរើសដោយរបៀបណា? នរណាជាអ្នកសម្ភាសន៍? សម្ភាសន៍នៅកន្លែងណា, តំបន់ណា? តើមានភាពជាតំណាងគួរឱ្យជឿជាក់កម្រិតណា?

យើងមិនមែនសប្បាយចិត្តនៅពេលឃើញរបាយការណ៍ល្អ ហើយតវ៉ាឬព្យាយាមបដិសេធនៅពេលឃើញរបាយការណ៍មិនល្អនោះទេ តែអ្វីដែលយើងត្រូវការ គឺសុក្រឹតភាព ភាពមិនលម្អៀង និងការមិនមានបង្កប់របៀបវារៈនយោបាយនៅក្នុងរបាយការណ៍របស់ពួកគេ។ កម្ពុជាត្រូវការភាពស្អាតស្អំនិងយុត្តិធម៌សម្រាប់ខ្លួនឯងតែប៉ុណ្ណោះ។

ការវាយតម្លៃមិនត្រឹមត្រូវណាមួយ វាធ្វើឱ្យខូចមុខមាត់កម្ពុជា ហើយក៏ប៉ះពាល់ដល់ភាពទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាដែរ។ គេត្រូវដឹងថា មហាអំណាចមានវិធីច្រើនណាស់សម្រាប់ធ្វើបាបប្រទេសតូចតាច ក្រៅតែ ពីអំណាចយោធានិងសេដ្ឋកិច្ច ប្រព័ន្ធផ្សព្វផ្សាយនិងស្ថាប័នស្រាវជ្រាវមួយចំនួន ក៏ត្រូវបានគេប្រើប្រាស់យ៉ាងសកម្ម ជាឧបករណ៍នយោបាយ ដើម្បីបំភ្លៃ បំពុល បង្ខូចកិត្តយស កេរ្ត៍ឈ្មោះ និងរូបភាពនៃប្រទេសតូចតាចយ៉ាងអយុត្តិធម៌។ ជួនកាលមានរហូតដល់ប្រឌិតរឿង ហើយថតជាឯកសារដើម្បីបំភាន់ពិភពលោកទាំងមូលក៏មានដែរ។

«ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើង កុំប្រញាប់ជឿឆាប់ពេកនូវអ្វីដែលបរទេសគេសរសេរអំពីប្រទេសយើង, ហើយបងប្អូនធ្វើការនៅខាងសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ឌនឹងនីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សូមកុំប្រញាប់ប្រញាល់បន្ទរតាមពួកបរទេសបង្អាប់ជាតិខ្លួនឯងលឿនពេក។ យើងត្រូវរួមគ្នារក្សាមុខមាត់ប្រទេសជាតិយើង រក្សាស្នាមញញឹមនៃពលរដ្ឋយើង, រួមគ្នាដើម្បីជាតិយើង, គ្មានជាតិសាសន៍ណា គេស្រឡាញ់ជាតិយើង ជាងខ្មែរយើងស្រឡាញ់ជាតិយើងនោះទេ»។ នេះបើតាមលោក គិន ភា៕