(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណៈបន្ទាប់បានបង្ហោះសារតាមបណ្ដាញសង្គម ជេរប្រមាថមើលងាយដល់កម្លាំងសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់គណនី Facebook ឈ្មោះ «ដានី លក់ទូរស័ព្ទគ្រប់ប្រភេទ» បានផុសព័ត៌មានមិនពិតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ថា «នៅមុខសួនវឌ្ឍនៈ ផ្លូវវេងស្រេង ពួកអាជញ្ជក់ឈាម ខុសពីប្រទេសថៃ ឆ្ងាយដូចមេឃ និងដី» ដែលមានខ្លឹមសារប្រមាថមើលងាយមកលើមន្ត្រីនរគរបាលដែលជាអ្នកអនុវត្តច្បាប់។

តាមពិតជាក់ស្តែងករណីនេះ គឺជាការចាប់ផាកពិន័យបុរសម្នាក់ឈ្មោះ សេង ដានី ដែលបានបើកបរល្មើសនឹងច្បាប់ចរណ៍ នៅវេលាម៉ោង៨៖៣០នាទី ត្រង់ចំណុចសួនវឌ្ឍនៈ ដោយមន្ត្រីនគរបាលចរណ៍ធ្វើការផាកពិន័យទៅតាមច្បាប់ និងបានចេញវិក័យបត្រផាកពិន័យត្រឹមត្រូវ។

ប៉ុន្តែនៅថ្ងៃល្ងាចទី១៤ ខែតុលា ឆ្នាំ២០២១ បុរសឈ្មោះ សេង ដានី នេះ បានផុសផ្សាយព័ត៌មានមិនពិត និងជេរប្រមាទមកលើសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ និងក្នុងគោលបំណងអាក្រក់បង្ខូចកិត្តិយសរបស់សមត្ថកិច្ច ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

រហូតដល់វេលាម៉ោង ២៖០០នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ សមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ បានកោះហៅឈ្មោះ សេង ដានី ចូលមកមកបភ្លឺ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ដើម្បីសុំការលើកលែងទោស ៕