(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ សកម្មភាពការងារកន្លងមក និងលើកទិសដៅបន្តសំដៅជម្រុញអនុវត្តសំរេចសកម្មភាព ការងារជាក់ស្តែងនៅក្នុងជំហានផែនការយុទ្ធសាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ ខាងមុខ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ នាសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់លោកស្រី អស់លោក ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត លោកស្រី អស់លោក ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងអស់លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុងទាំង៦ មេឃុំ ចៅសង្កាត់ទាំង៤៧ ព្រមទាំងមន្ត្រីមូលដ្ឋានមួយចំនួនទៀត សរុបមានចំនួនអ្នកចូលរួមទាំងអស់ប្រមាណ ៣០០នាក់។

ក្នុងដំណើរការនៃកិច្ចប្រជុំ តំណាងមួយចំនួនបានចូលរួមពិភាក្សាយ៉ាងផុសផុល ទៅលើសេចក្តីរាយការណ៍របស់លោក វ៉ា ថន ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តក្រចេះ អំពីស្ថានភាពជាក់ស្តែងនៃសភាពការណ៍ និងសកម្មភាពការងារសំរេចបានកន្លងមក រួមទាំងទិសដៅសំរាប់រយៈពេលខាងមុខ។

លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិបូកសរុបបិទកិច្ចប្រជុំ ដោយធ្វើការគូសបញ្ជាក់លើចំណុចសំខាន់ៗ រួមមានជាអាទិ៍៖

១៖ ផ្អែកលើមូលដ្ឋាននៃការធ្វើបច្ចុប្បន្នកម្ម តារាងបញ្ជីសមាជិកគណបក្ស យើងទាំងអស់គ្នាត្រូវខិតខំបន្តជម្រុញចលនាសកម្មភាពជាក់ស្តែងជាអំពើល្អ ដើម្បីផ្សាភ្ជាប់ជិតស្និទ្ធជានិច្ច រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលសព្វបែបយ៉ាង ដើម្បីឱ្យពលរដ្ឋម្នាក់ៗបានបោះឆ្នោតជូនគណបក្សប្រជាជន សំដៅចូលរួមធ្វើឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅ ដោយរលូនតាមលក្ខណៈប្រជាធិបតេយ្យ និងត្រឹមត្រូវតាមបទបញ្ញតិជាធរមានដែលកំណត់ដោយច្បាប់ និងបែបបទ នីតិវិធី របស់ គ.ជ.ប។

២៖ ក្រុមការងារ និងគណបក្សមូលដ្ឋាន ត្រូវរួមគ្នាជ្រើសរើសឱ្យបានមន្ត្រីល្អស័ក្តិសមជាបេក្ខជន ដើម្បីចូលរួមប្រកួតប្រជែងឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាឆ្នាំ២០២២ ខាងមុខ។

៣៖ មន្ត្រីយើងនៅគ្រប់លំដាប់ថ្នាក់ ត្រូវពុះពាររស់នៅ និងបំរើប្រជាជនជាប់ជាប្រចាំតាមគន្លងប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ពិសេសគឺត្រូវបន្តចូលរួមយ៉ាងសកម្មក្នុងចលនាសាមគ្គីជាតិ ក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លា និងរឹងមាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធទប់ស្កាត់ គ្រប់គ្រងកូវីដ-១៩ និងដោះស្រាយបានរាល់បញ្ហាប្រឈមជាផលវិបាកបង្កឡើងដោយជម្ងឺដ៏កាចសាហាវនេះ សំដៅរក្សាការពាររឹងមាំសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ សម្រាប់អនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើង។

អង្គប្រជុំទាំងមូលបានឯកភាពគ្នាសំរួចឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់បន្តពង្រឹងប្រៀបនយោបាយ និងកំលាំងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជំនះក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ នាពេលខាងមុខ៕