(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការឡើងវិញជាផ្លូវការនូវ ប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានា និងលិខិតបញ្ជាក់លើការអញ្ជើញ សម្រាប់អ្នកដំណើរជាវិនិយោគិន និងបុគ្គលិកជំនាញបច្ចេកទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានពេញលេញ ត្រូវបានបន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក ត្រឹមតែរយៈពេល៣ថ្ងៃ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែតុលានេះបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីលក្ខខណ្ឌធ្វើដំណើរការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២១, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយអនុគណៈកម្មការទី២នៃគណៈប្រចាំការនៃគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩, ក្រសួងសុខាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញ នូវប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានា និងលិខិតបញ្ជាក់លើការអញ្ជើញ ក្នុងគោលដៅគាំទ្រ និងសម្រួលដល់របបនៃការធ្វើចត្តាឡីស័ក ដល់អ្នកដំណើរបរទេសដែលជា វិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស និងក្រុមគ្រួសារ ចូលមកក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២១នេះតទៅ។

ក្រសួងសេដ្ឋកិច្ចបន្តថា យន្តការនៃការធានា និងអញ្ជើញនេះ ធ្វើឡើងនៅលើថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) តាមរយៈគេហទំព័រ www.registrationservices.gov.kh។ អ្នកដំណើរជាជនជាតិខ្មែរ និងបរទេសដែលជាវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស និងក្រុមគ្រួសារ ត្រូវមានការធានា ឬអញ្ជើញពីដៃគូក្នុងស្រុក ដែលជានីតិបុគ្គលស្របច្បាប់ មានការចុះបញ្ជី និងបង់ពន្ធត្រឹមត្រូវនៅកម្ពុជា។

លិខិតបញ្ជាក់ទាំងពីរប្រភេទ មានសុពលភាព៣០ថ្ងៃ ដែលអាចប្រើប្រាស់បានតែ១ដងគត់ និងមានទម្រង់ឌីជីថល ដែលអ្នកដំណើរអាចទាញយក និងបោះពុម្ពបានដោយខ្លួនឯងតាមគេហទំព័រ www.registrationservices.gov.kh មុនធ្វើដំណើរមកកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ ក៏ដូចជាការដាក់ពាក្យស្នើសុំលិខិតបញ្ជាក់លើការធានា និងអញ្ជើញ, សាធារណៈជនអាចទាញយកឯកសារណែនាំ (User Manual) និងដាក់ពាក្យស្នើសុំតាមរយៈគេហទំព័រ www.registrationservices.gov.kh និងទាក់ទងមកក្រុមការងារគាំទ្រប្រព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ០៩២ ៨៨៨ ២៩៦ ឬអ៊ីម៉ែល [email protected]