(កំពង់ធំ)៖ អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ លោក សាយ គឹមឡម បានអំពាវនាវដល់ភ្នាក់ងារវីង និងអាជ្ញាធរមូលដ្ឋានទាំងឡាយ ត្រូវប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវក្នុងការបើកសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលជាសាច់ប្រាក់នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវី១៩ ពោលគឺត្រូវជៀសវាងឱ្យបាននូវការកិបកេងប្រាក់របស់ប្រជាពលរដ្ឋក្រីក្រ។

បានជាលោកអភិបាស្រុកស្ទោងអំពាវនាវយ៉ាងដូច្នេះ គឺធ្លាប់ករណីប្រក្រតីរបស់ភ្នាក់ងារវីងនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ បញ្ហានេះដែរ ត្រូវបានអាជ្ញាធរចុះស្រាវជ្រាវចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

លោក សាយ គឹមឡម បានបញ្ជាក់ថា បន្ទាប់ពីមានរឿងរ៉ាវភាពមិនប្រក្រតីនៃការបើកសាច់ប្រាក់ជូនគ្រួសារក្រីក្រ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវី១៩ នៅក្នុងឃុំប្រឡាយ រដ្ឋបាលស្រុកស្ទោងបានរៀបចំបង្កើតគណៈកម្មការស្រាវជ្រាវបើកសាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះឲ្យបានច្បាស់លាស់ត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការតាមដានរបស់អាជ្ញាធរភូមិ ឃុំ ដូចជាមានលេខកូដសម្គាល់ច្បាស់លាស់ រូបថតប្រជាពលរដ្ឋពេលបើកសាច់ប្រាក់ និងស្នាមមេដៃជាដើម។

លោកបានបន្តថា ការបើកប្រាក់នឹងធ្វើឱ្យអស់ តែដោយជួបបញ្ហាខ្លះដោយសារបច្ចេកទេស។ លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមទុកដាក់ឯកសារការបើកសាច់ប្រាក់នេះឱ្យបានត្រឹមត្រូវ ហើយប្រសិនជាមានការបាត់ដោយប្រការណាមួយ ត្រូវរាយការណ៍ជូនដល់អាជ្ញាធរឃុំជាបន្ទាន់ ដើម្បីធ្វើការស្នើសុំនូវបណ្ណថ្មីសម្រាប់ប្រើប្រាស់នៅពេលក្រោយ។

ក្នុងនាមអាជ្ញាធរស្រុក លោកបានរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងតរូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺមួយនេះ។

ប្រជាពលរដ្ឋនៅឃុំប្រឡាយបានថ្លែងអំណរគុណចំពោះលោក សាយ គឹមឡម រួមនិងក្រុមការងារ ពិសេសពួកគាត់ក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រ និងជួយជ្រោមជ្រែងពេលដែលពួកគាត់កំពុងតែជួបបញ្ហាខ្វះខាតក្នុងដំណាក់កាលកូវីដ-១៩៕