(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយណាមួយកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តពោធិ៍សាត់បញ្ជាក់យ៉ាងដូច្នេះ គឺក្នុងពេលលោកដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ត្រង់ចំណុចមុខសាលាខេត្ត កោះសំពៅមាស និងសួនច្បារថ្មីពោធិ៍សាត់ ដែលបច្ចុប្បន្នទឹកកំពុងហក់ឡើងយ៉ាងគំហុក ក្នុងកម្រិតមួយជិតប្រកាសអាសន្ន នាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ។

ទោះបីស្ថានភាពទឹកពុំទាន់ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នក៏ពិតមែន ក្នុងនាមអាជ្ញាធរខេត្ត លោកបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅក្នុងខេត្ត សូមបញ្ជៀសទឹកនេះកុំឱ្យលិចលង់នៅក្នុងខេត្ត និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ដែលកំពុងជន់លិចនេះ ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់តាមដានក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា។

បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្ត បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង ៥ និង០០នាទីល្ងាចនេះ មានកម្ពស់ ៤.៨៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ២.៣៦ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ២.១៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។ ចំពោះស្ថានភាពទឹកតាមដងស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញ ទឹកស្ទឹងចាប់ផ្តើមស្រកចុះជាបន្តបន្ទាប់ ដោយឡែកនៅក្រុងពោធិ៍សាត់ ទឹកស្ទឹងបានចាប់ផ្តើមស្រកចុះ កម្ពស់០.០៥ម៉ែត្រ។

លោកប្រធានមន្ទីរបានបន្ថែមថា បើសិនស្ថិតក្នុងស្ថានភាពណាមួយ តម្រូវឱ្យប្រកាសអាសន្ន ក្នុងនាមមន្ទីរជំនាញ លោកនឹងធ្វើសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅរ៉បមាត់ស្ទឹងខាងលើ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំទុកដាក់កូនចៅ សត្វពាហនៈឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕