(ភ្នំពេញ)៖ ការដាក់ឱ្យចរាចរនូវក្រដាសប្រាក់ប្រភេទ ៣០,០០០រៀលថ្មី មិនត្រឹមតែបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏ជ្រៀលជ្រៅរបស់កូនចៅ ចៅទួតចំពោះសម្តេចតា សម្តេចតាទួត ប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍប្រកបដោយភាពវិជ្ជមានរបស់សង្គមកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ នេះជាការលើកឡើងរបស់ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

លោក ហ៊ុន ម៉ានី បានបញ្ជាក់តាមរយៈហ្វេសបុកនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះថា៖ «ខ្ញុំសូមចូលរួមអបអរសាទរនៃការដាក់ឲ្យចរាចរនូវក្រដាសប្រាក់ប្រភេទ ៣០,០០០រៀលថ្មី។ ការសម្រេចនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏ជ្រៀលជ្រៅរបស់កូនចៅ ចៅទួតចំពោះសម្តេចតា សម្តេចតាទួតរបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍប្រកបដោយភាពវិជ្ជមានរបស់សង្គមកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ»

សូមជម្រាបថា ដើម្បីអបអរសាទរ ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ - ១៤ វិច្ឆិកា ២០២១) រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០ រៀល គំរូថ្មី ដើម្បីដាក់ឱ្យធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទក្រដាសប្រាក់ ដែលបានចេញផ្សាយរួចហើយ៕