(រតនគិរី)៖ លោក អ៊ុុំ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ថា នៅវេលាម៉ោង ១១៖១៥នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ទឹកទន្លេស្រែពក និងទឹកទន្លេសេសាន្តឡើងលើសកម្រិតប្រកាសអាសន្នហើយ។

លោកបន្តថា ទឹកបានចាប់ផ្តើមលិចនៅតំបន់ទំនាបមួយចំនួនក្នុងស្រុកកូនមុំ, ស្រុកលំផាត់ (តាមដងទន្លេស្រែពក) និងតំបន់ទំនាបមួយចំនួនក្នុងស្រុកតាវែង, ស្រុកវឺនសៃ និងស្រុកអណ្តូងមាស (តាមដងទន្លេសេសាន្ត) ហើយទឹកនៅបន្តឡើងបន្តទៀត។

លោកប្រធានមន្ទីរធនធានទឹកបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃនេះទឹកទន្លេស្រែពកឡើងលើសកម្រិតប្រកាសអាសន្នបន្តិចគឺកម្ពស់ជិត ១៣ម៉ែត្រខណៈកម្ពស់ទឹកប្រកាសអាសន្នតែ ១២,៥០ម៉ែត្រ (ទឹកទន្លេស្រែពក)។ រីឯទឹកទន្លេសេសាន្តកម្រិតទឹកប្រកាសអាសន្ន ៨,៥០ម៉ែត្រខណៈនេះកម្ពស់ទឹកលើសកម្រិតប្រកាសអាសន្នបន្តិច។

ដោយឡែក លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី បានបញ្ជាក់នៅថ្ងៃនេះថា លោកកំពុងចាត់មន្ត្រីឲ្យចុះស្រង់ទិន្នន័យផលប៉ះពាល់ដំណាំស្រូវ តែទឹកហក់ឡើងសន្សឹមៗវាមិនទាន់បង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ លុះត្រាតែទឹកជោជន់លិចចាប់ពី១អាទិត្យឡើង ទើបរងផលប៉ះពាល់ ប៉ុន្តែបើសិនទឹកស្រកចុះលឿននោះ ស្រូវនឹងល្អលើសដើមថែមទៀតផង៕