(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានស្នើដល់ក្រុមការងារយុវជនការពារសន្តិភាពខេត្តស្ទឹងត្រែង បន្តអនុវត្តកិច្ចការងាររបស់ខ្លួន ស្របទៅតាមតួនាទីភារកិច្ច ដែលក្រុមការងារការពារសន្តិភាពថ្នាក់កណ្តាល ដែលបានដាក់ចេញ ជាពិសេសត្រូវចួលរួមសហការ ជាមួយក្រុមយុវជនផ្សេងៗទៀត បន្តកិច្ចការងារមនុស្សធម៌ឱ្យកាន់ផុសផុល និងរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស។

ការស្នើបែបនេះរបស់លោកអភិបាលខេត្តស្ទឹងត្រែង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសលោកបានអនុញ្ញាតឱ្យក្រុមការងារនៃសាខាក្រុមយុវជន ការពារសន្តិភាពខេត្តស្ទឹងត្រែង ចូលជួបសំណេះសំណាលសម្តែងការគួសម ដើម្បីជម្រាប អំពីភារកិច្ច និងទិសដៅការងារ។

នៅក្នុងកិច្ចជំនួបនោះ សំណេះសំណាលសម្តែងការគួសមជាមួយថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងនេះ មានការដឹកនាំដោយ លោក សុខ សុភក្តី ប្រធានសាខាក្រុមយុវជនការពារសន្តិភាពខេត្តស្ទឹងត្រែង និងជាតំណាង ក្រុមយុវជនការពារសន្តិភាពថ្នាក់កណ្តាល។

លោក សុខ សុភក្តី បានថ្លែងថា កិច្ចជំនួបសំណេះសំណាលសម្តែងការគួសមជាមួយថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងនេះ ដើម្បីជម្រាបដល់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អំពីភារកិច្ចនិងទិសដៅការងារ របស់ក្រុមការងារយុវជនការពារសន្តិភាព លើកកិច្ចការសង្គម ការងារមនុស្សធម៍ និងបង្ហាញពីការគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមានភាពរីកចម្រើនលើគ្រប់វិស័យនិងមានសុខសន្តិភាព។

លោក សុខ សុភក្តី បានបញ្ជាក់ថា ការចូលជួបការចូលជួបសម្តែងការគួសមជាមួយថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ជាពិសេសលោក ស្វាយ សំអ៊ាង អភិបាលខេត្តនាពេលនេះក៏ជាការស្វាគមន៍ និងចូលរួមអបសារទរ ចំពោះលោក ស្វាយ សំអ៊ាង ដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអភិបាលខេត្តស្ទឹងត្រែងថ្មី នាពេលបច្ចុប្បន្ននេះផងដែរ។

ជាមួយគ្នានោះ លោក ស្វាយ សំអ៊ាង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលជួបសម្តែងការគួសមរបស់ក្រុមយុវជនការពារសន្តិភាពនាពេលនេះ និងបានបង្ហាញពីការខិតខំប្រឹងប្រែងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការមនុស្សធម៌ ការការពារសន្តិភាព និងកិច្ចការងារសង្គមនានាក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

លោក ស្វាយ សំអ៊ាង បានឱ្យដឹងថា ជាការពិតណាស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្នទទួលបាននូវសុខសន្តិភាពក៏ដោយសារតែមានមេដឹកនាំឈ្លាសវៃ ប៉ិនប្រសព្វ និងចេះបត់បែនក្នុងការដឹកនាំប្រទេសឱ្យឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍ ជាពិសេសក្រោមការដឹកនាំប្រកបភាពឈ្លាស វៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានភាពរីកចម្រើនលើគ្រប់វិស័យធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើ ព្រមទាំងថែរក្សាបាននូវសន្តិសុខ សន្តិភាព ជូនជាតិ និងប្រជាជនបានយ៉ាងល្អ៕