(តាកែវ)៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធករណីអំពើហិង្សារវាងក្រុមអ្នកជល់មាន់ជាមួយក្រុមអ្នកសារព័ត៌មាន នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលកើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤៖៣០នាទីរសៀល មានករណីហិង្សាមួយកើតឡើងនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ ជាក្រុមដែលទៅលួចលាក់ជល់មាន់ នៅចំណុចព្រៃខាងលិចភូមិត្បែង ឆ្ងាយពីទីប្រជុំជន ដែលនៅជាប់ព្រំប្រទល់ជាមួយភូមិជម្លង់ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ករណីខាងលើ បណ្តាលឱ្យរងរបួសជនរងគ្រោះជាអ្នកកាសែតចំនួន ០២នាក់រួមមាន ទី១ឈ្មោះ សិត ឡូត ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលនៅភូមិខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី២ ឈ្មោះ សោម រ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសស្រាល។

ក្រោយទទួលបានព័ត៌មានអំពីករណីលួចលាក់ប្រមូលផ្តុំជល់មាន់នៅទីតាំងខាងលើ ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី រួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោកអភិបាលស្រុកបាទី ចុះធ្វើការបង្ក្រាបភ្លាមៗ លុះនៅវេលាម៉ោង១៧៖៣០នាទី ទើបអធិការដ្ឋាននគរបាលស្រុកបាទី បានទទួលពាក្យបណ្តឹងពីជនរងគ្រោះទាំងពីរនាក់ជាអ្នកកាសែត។

ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា «បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបន្តស្រាវជ្រាវ កំណត់មុខសញ្ញាជនល្មើស ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់»

សូមរំលឹកថា ក្នុងរយៈពេលដែលកម្លាំងសមត្ថកិច្ចកំពុងមមាញឹកក្នុងយុទ្ធនាការ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មិនត្រឹមតែក្នុងមូលដ្ឋានស្រុកបាទីនោះទេ ពោលគឺទូទាំងខេត្តតាកែវ ក្រុមអ្នកដែលញៀន និងល្បែងស៊ីសងជល់មាន់ បានប្រមូលគ្នាលួចលាក់ណាត់ភ្នាល់គ្នាបញ្ជល់មាន់ នៅតាមទីកន្លែងដាច់ស្រាល ឆ្ងាយពីទីប្រជុំជន ដែលមានភូមិសាស្ត្រងាយស្រួល រត់គេចពេលដែលសមត្ថកិច្ចកិច្ចចុះបង្ក្រាបម្តងៗ។

ជាក់ស្តែងនៅទីតាំងខាងជាដើម គឺនៅកណ្តាលព្រៃ ផ្លូវចូលក៏ស្ងាត់មានចម្ងាយឆ្ងាយពីទីប្រជុំជនភូមិត្បែង ដែលជាតំបន់នៅជិតព្រំប្រទល់រវាងស្រុកបាទី ខេត្តតាកែវ ជាមួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលនៅពេលសមត្ថកិច្ចចុះបង្ក្រាប ក្រុមអ្នកជល់មាន់ទាំងនោះដឹងខ្លួនមុន គេចខ្លួនអស់ពីកន្លែងជល់ ហើយការលួចលាក់ណាត់គ្នា ជល់មាន់នេះទៀតសោត គឺតែងចល័តពីកន្លែងមួយទៅកន្លែងមួយ មិនមានទីតាំង ឬសង្វៀនច្បាស់លាស់ គ្មានអ្នកគ្រប់គ្រងពិតប្រាកដ ធ្វើឱ្យសមត្ថកិច្ចពិបាកក្នុងការគំណត់មុខសញ្ញា និងពិបាកពេលចុះបង្ក្រាប មួយវិញទៀតកម្លាំងជំនាញសង្កេតឃើញថា នៅរាល់ពេលមានការណាត់គ្នាជល់ ក្រុមនេះ គឺមានអ្នកចាំមើលនៅតាមផ្លូវចូល ទៅកន្លែងជល់តែម្តង ដើម្បីផ្តល់ដំណឹងទៅអ្នកកំពុងភ្នាល់គ្នាខាងក្នុង ឱ្យរត់គេចខ្លួនបានទាន់ពេលវេលា។

ជាមួយគ្នា ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមថ្លែងអំណរគុណ ចំពោះសារព័ត៌មាន ក៏ដូចជាអ្នកលេងបណ្តាញសង្គមFacebook ដែលតែងតែសហការផ្តល់ព័ត៌មាន មកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ (តាមរយៈ messenger , Comment) នៅលើទំព័រ Facebook page និងតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង (០៩៧ ៧៧៨ ០០០៥) របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវបង្ការ បង្ក្រាប ព្រមទាំងដោះស្រាយសំណូមពរផ្សេងៗ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងរង់ចាំទទួលការបំភ្លឺជូនជានិច្ច ចំពោះបញ្ហាអវិជ្ជមានទាំងនេះ ជូនបណ្តាសារព័ត៌មានបងប្អូនប្រជាពលរដ្ឋទូទៅ និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនាដើម្បីចូលរួមបម្រើ ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាតិ ៕