(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Andre SPIEGEL
នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មកជំនួស លោកស្រី ឡូរ៉ង់ បារ៉ែល ដែលបានបញ្ចប់អាណត្ដិបេសកកម្មការងាររបស់លោកស្រីនៅកម្ពុជា។
ការជួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ បានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ។
គួររម្លឹកថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្តសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវវិទ្យាសាស្រ្ត ផ្នែកជំងឺឆ្លង ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Laurence BARIL បានចូលជួបសម្តែងការគួរសម និងជម្រាបលានៃការបញ្ចប់អាណត្ដិបេសកកម្មការងាររបស់លោកស្រីនៅកម្ពុជា កាលពីពេលថ្មីៗនេះ។
សូមជម្រាបថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានបេសកកម្មជាចម្បងក្នុងផ្នែកសុខភាពសាធារណៈ ស្រាវជ្រាវវិទ្យាសាស្ត្រលើផ្នែកជំងឺឆ្លង មន្ទីរពិសោធន៍ និងអភិវឌ្ឍន៍ ធនធានមនុស្ស។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចែកចេញជា៩ផ្នែក គឺ១៖ ផ្នែកចាក់ថ្នាំបង្ការ, ២៖ផ្នែកវិភាគ ជីវវេជ្ជសាស្រ្ត, ៣៖ផ្នែកវីរុសសាស្រ្ត, ៤៖ផ្នែក Immunology, ៥៖ ផ្នែកអេពីដេមីសាស្រ្តសុខភាពសាធារណៈ, ៦៖ផ្នែកសុវត្ថិភាពអាហារ បរិស្ថាន, ៧៖ផ្នែកបាណកសាស្រ្ត, ៨៖ ផ្នែកមន្ទីរពិសោធន៍ជំងឺគ្រុនចាញ់ និង៩៖ ផ្នែករដ្ឋបាល៕