(ភ្នំពេញ)៖ លោក មួន សារ៉ន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ញើលិខិតថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំពោះសាររំលែកទុក្ខ នៃមរណភាពឧបាសិកា ម៉ឺន ថុន ដែលត្រូវជាម្តាយ ម្តាយក្មេក ជីដូន ជីដូនទួត របស់ក្រុមគ្រួសារលោក។

នៅក្នុងសារលិខិតថ្លែងអំណរគុណ លោក មួន សារ៉ន បានថ្លែងថា «ក្នុងនាមក្រុមគ្រួសារនៃសពឧបាសិកា ម៉ឺន ថុន ដែលត្រូវជាម្តាយ ម្តាយក្មេក ជីដូន ជីដូនទួត របស់ក្រុមគ្រួសារយើងខ្ញុំ ដែលបានទទួលមរណភាពកាលពី ថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១:២៦ រំលងអធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសាររំលែកមរណទុក្ខចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានសម្តែងនូវ សេចក្តីទុក្ខព្រួយដ៏សង្វេគក្រៀមក្រំនិងចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសាររបស់ខ្ញុំបាទ»។

សាររំលែកមរណទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម គឺជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្តេចក្រឡាហោមបានឡើយ៕