(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

អមដំណើរដោយ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសមាជិកប្រតិភូ មួយចំនួនទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧២ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២៥ ដល់២៩ ខែតុលា ឆ្នាំ២០២១ តាមទម្រង់ហាយប្រ៊ីដ (Hybrid) ដែលជាទម្រង់ មានការចូលរួមដោយផ្ទាល់ និងការចូលតាមរយៈប្រព័ន្ធវីដេអូ។

នៅថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៩៖០០ព្រឹក នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំកិច្ចប្រជុំត្រៀម ដើម្បីស្តាប់របាយការណ៍ របស់លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងត្រៀមចូលរួម កិច្ចប្រជុំប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ។

អង្គប្រជុំបានឯកភាពគ្នាថា ក្នុងនាមជាប្រទេសសមាជិកមួយ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្រសួងសុខាភិបាល នឹងថ្លែងនូវ បទអន្តរាគមន៍មួយចំនួន ដើម្បីចែករំលែកបទ ពិសោធន៍ល្អ ដែលកម្ពុជាអនុវត្តបានជោគជ័យ ឬទទួលបានលទ្ធផលល្អ រួមមាន ការប្រយុទ្ធនឹងជំងឺកូវីដ-១៩
ការថែទាំសុខភាពបឋម ការងារប្រយុទ្ធនឹងជំងឺរបេង ជំងឺគ្រុនចាញ់ វេជ្ជសាស្ត្របុរាណ សុខភាពសាលារៀន និងនិរន្តរភាពហិរញ្ញប្បទានសុខភាព។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសុខភាពពិភពលោក ដែលតែងតែផ្តល់ការគាំទ្រវិស័យសុខាភិបាលកម្ពុជា ទាំងបច្ចេកទេស និងថវិកា ហើយក្រសួងសុខាភិបាលត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមកិច្ចប្រជុំនេះ៕