(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅឆ្នាំថ្មីឆ្នាំ២០១៦ ត្រូវនឹងឆ្នាំវក អដ្ឋសក ព.ស ២៥៦០ ប្រទេសកម្ពុជានឹងចាកចេញពីចំណាត់ថ្នាក់ ប្រទេសមានប្រាក់ចំណូលកម្រិតទាប ទៅជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតទាប ក៏ព្រោះតែកម្រិតអត្រាជាតិក្រីក្រ របស់កម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយប្រាក់ចំណូល របស់ប្រជាពលរដ្ឋកម្ពុជា ចេះកើតឡើងជាលំដាប់ ។

តាមរយៈសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ នាពេលដ៏ខ្លីខាងមុខនេះ សម្តេចតេជោ បានលើកឡើងថា ប្រាក់ចំណូលប្រចាំឆ្នាំគិតជាមធ្យម ក្នុងប្រជាពលរដ្ឋម្នាក់ៗ មាន១១៣៦ ដុល្លារអាមេរិក នៅឆ្នាំ២០១៤ ហើយបានកើនឡើងដល់១២៣៨ដុល្លារអាមេរិក នៅឆ្នាំ២០១៥ ធ្វើឲ្យកម្រិតនៃភាពក្រីក្រធ្លាក់ចុះ ពី៤៧,៨ភាគរយ នៅឆ្នាំ២០០៧ មក១៤ភាគរយ នៅឆ្នាំ២០១៤ និងបន្តធ្លាក់ចុះទៀតនៅឆ្នាំបន្តបន្ទាប់។

សម្តេចតេជោ បានលើកឡើងទៀតថា កម្ពុជាចាំបាច់ត្រូវរៀបចំខ្លួន ឲ្យបានល្អដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង សំដៅទាញយកអត្ថប្រយោជន៍ ពីសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ក្នុងឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងតស៊ូ ពុះពារ និងអត់ធ្មត់ ហើយជំនះបាននៅការលំបាក និងបញ្ហាប្រឈមគ្រប់បែបយ៉ាង ទាំងក្នុងនិងក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធនយោបាយមួយ ដែលធ្វើឲ្យកម្ពុជា អាចរក្សាបាននូវសន្តិភាព ស្ថិរភាពនិយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណ បានល្អប្រសើរធានាបាន នៅកំណើតសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់ ក្នុងលក្ខខណ្ឌអតិផរណាទាប រក្សាបាននូវភាពទាក់ទាញនិងវិនិយោគ បង្កើតការងារជូនប្រជាពលរដ្ឋ និងដោះស្រាយបាននូវ បញ្ហាប្រឈមគ្រប់វិស័យ ក្នុងកម្រិតមួយគួរឲ្យកត់សំគាល់៕