(ភ្នំពេញ)៖ លោក ស៊ុត ឌីណា ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បញ្ចប់ការសាកសួរ និងចោទប្រកាន់ចំនួន២បទល្មើស និងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរបន្ត នេះបើយោងតាមមន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។

លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា លោក ស៊ុត ឌីណា ត្រូវបានចោទប្រកាន់ចំនួន២បទល្មើស៖ ទី១៖ កិបកេងលុយខុសច្បាប់ និងទី២៖ រំលោភអំណាច។

អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា លោក ស៊ុត ឌីណា ដែលអ្នកលេងបណ្តាញ សង្គម Facebook ឱ្យងារថាជាអគ្គរាជទូតក្រីក្រនោះ ត្រូវបានACUរកឃើញថា មានលុយ៧,២លានដុល្លារអាមេរិក និងមានមាស១២,៧៤គីឡូក្រាម។

លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅម៉ោងប្រមាណ ៩៖៣០នាទី ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ ដើម្បីបន្តសាកសួរអំពីការប្រព្រឹត្តអំពើពុករលួយ ACU បានឃាត់ខ្លួន កាលពីថ្ងៃទី០៤ ខែមេសា។

សូមជំរាបថា អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង មកសាកសួរជាលើកទី២ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ គ្រាដែលរូបលោកចូលជួបឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ លោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការឃាត់ខ្លួនលោក ស៊ុត ឌីណា បានធ្វើឡើង បន្ទាប់ពីបានរកឃើញតម្រុយជាច្រើន ក្នុងនោះមានព័ត៌មានផ្សាយនៅលើ Facebook អំពីភាពមិនប្រក្រតីរបស់លោក ឌីណា រួមមានពាក្យប្តឹងពីក្រសួងការបរទេសទាំងនៅភ្នំពេញ និងកូរ៉េខាងត្បូងផងដែរ។

បន្ថែមពីលើការប្តឹងនេះ ACU ក៏បានបញ្ជូនមន្រ្តីរបស់ខ្លួន ៦នាក់ ទៅប្រមូលព័ត៌មាននៅកូរ៉េផងដែរ។

លោក ស៊ុត ឌីណា ជាសមាជិកម្នាក់ នៃក្រុមចលនានិស្សិត ដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើសកម្មភាពយ៉ាងស្រួចស្រាវប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានៅចុងទសវត្សរ៍ឆ្នាំ១៩៩០។ លោក ឌីណា ធ្លាប់បានបង្កើត និងដឹកនាំគណបក្សរណសិរ្សជាតិខ្មែរ មុនពេលចាកចេញពីគណបក្សនរោត្តមរណឫទ្ធិក្នុងឆ្នាំ២០០៦។

លោក ស៊ុត ឌីណា បានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០០៩ និង ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិ ការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។ លុះឆ្នាំ២០១៤ រូបលោកត្រូវបានរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន តែងតាំងឲ្យបំពេញការងារជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង។

ការដាក់លោក ស៊ុត ឌីណា ទៅកាន់ប្រទេសកូរ៉េខាងត្បូង ធ្វើឡើងចំពេលមានពលករ និងប្រជាពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងមានការថ្នាំងថ្នាក់ច្រើនជាមួយរាជរដ្ឋាភិបាលពីការបម្រើសេវានៅទីនោះ។ ក្នុងរយៈពេលប្រមាណជា ២ឆ្នាំ នៃការបំពេញការងារទូតនៅកូរ៉េខាងត្បូង លោក ឌីណា ហាក់បានធ្វើសកម្មភាពច្រើនក្នុងការបង្កើតប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលជាមួយពលករ និងប្រជាពល រដ្ឋនៅប្រទេសកូរ៉េខាងត្បូង។

ទន្ទឹមការស្តារប្រជាប្រិយភាពជាមួយប្រជាពលករតាមរយៈការបង្កើនប្រសិទ្ធភាពលើការផ្តល់សេវានោះ លោក ឌីណា ក៏តែងមានរឿង រកាំរកូសជាមួយក្រសួងការបរទេសជាបន្តបន្ទាប់ ហើយក៏ធ្លាប់មានការថ្នាំងថ្នាក់ខ្លាំងជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋ មន្រ្តីក្រសួងការបរទេសកម្ពុជាផងដែរ៕