(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានសម្តែងការកោតសរសើរចំពោះក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលបានអនុវត្តភារកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមខេត្តនានា សម្រេចលទ្ធផលគួរជាទីមោទនៈ តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល។

តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី២០ ខែតុលានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងការកោតសរសើរចំពោះក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលបានអនុវត្តភារកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមខេត្តនានា សម្រេចលទ្ធផលគួរជាទីមោទនៈ តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានក្រើនរំឮកបន្ថែមទៀត ដល់ក្រុមការងារចាក់វ៉ាក់សាំង ព្រមទាំងបប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់អនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីបង្កើតឱ្យមាន «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» យកឈ្នះសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ។

សូមជម្រាបបថា ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែតុលា កន្លងទៅនេះ។ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ទទួលភារកិច្ចចាក់ដូសជំរុញនៅក្នុងខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌមានជ័យ, ដង្កោ, កំបូល, ពោធិ៍សែនជ័យ, ឫស្សីកែវ, ទួលគោក និងខណ្ឌសែនសុខ ចំនួន ១សង្កាត់ផងដែរ។

យោងតាមរបាយការណ៍បានបង្ហាញថា គិតត្រឹមថ្ងៃម្សិលមិញនេះ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋបានចំនួនសរុប ៣៦៨,៩៩៣នាក់ ក្នុងនោះមានស្រ្តី ២០៩,១៦០នាក់។

គិតត្រឹមយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៦២២,៩៧៧នាក់។ ក្នុងរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩៥៨,៤៤៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៧៨,១២៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៨៨៦,៤០៣នាក់៕