(ត្បូងឃ្មុំ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការឧបដ្ឋានសាលាថ្មី មួយខ្នង នៅវត្តសុវណ្ណមុនីជោត្តិ ហៅវត្តស្វាយតាមែក ស្ថិតនៅឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ ។

ថ្លែងទៅកាន់ពុទ្ធបរិស័ទចំណុះជើងវត្ត ដែលអញ្ជើញចូលរួម សម្ដេចពញាចក្រី ហេង សំរិន បានរំលឹកពីអនុស្សាវរីយកាលដែលសម្ដេច នៅពីក្មេង និងចេញតស៊ូតាមការ អំពាវនាវ របស់ព្រះបរមរតនកោដ្ឋ និងការងើបឡើងប្រឆាំងនឹងការកាប់សម្លាប់ របស់បនប្រល័យ ពូជសាសន៏ ប៉ុល ពត រហូតដល់ផ្ដួលរំលំ របបយ៉ង់ឃ្នងនេះ និងរំដោះប្រទេសជាតិឲ្យរួចផុត ពីការកាប់សំលាប់ នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។

ប្រធានរដ្ឋសភានៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នា គោរពច្បាប់ចរាចរក្នុងការបើកបរ និងធ្វើដំណើរកំសាន្តនៅក្នុង ឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរដែល នឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ សូមឲ្យមានសុវត្ថិភាពនិងជួបតែ សេចក្ដីសុខសេចក្ដីចំរើន។

នៅក្នុងឱកាសនោះ សម្ដេចពញាចក្រីហេង សំរិន ក៏បានចូលបច្ច័យកសាង ចំនួន២០លានរៀល និងឧបត្ថម្ភដល់អ្នករៀបចំកម្មវិធីចំនួន ១៧លានរៀលផងដែរ៕