(ភ្នំពេញ)៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានធ្វើតេស្តរកមេរោគកូវីដ១៩ ដល់គណៈគ្រប់គ្រង និងសាស្ត្រាចារ្យ ក៏ដូចជាបុគ្គលិករបស់ខ្លួន ដើម្បីបើកដំណើរការសាលារៀនឡើងវិញជំហានដំបូង ក្រោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ពោលគឺពីក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីសាកលវិទ្យាល័យបានត្រៀមខ្លួនរួចរាល់។

ការធ្វើតេស្តរកមេរោគកូវីដ១៩ ដល់គណៈគ្រប់គ្រង និងសាស្ត្រាចារ្យ ក៏ដូចជាបុគ្គលិករបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង គឺជាផ្នែកមួយ នៃសេចក្តីណែនាំទាំង ១១ចំណុច របស់ក្រសួងអប់រំចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ស្តីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន។ បើតាមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បញ្ជាក់ថា ជំហានដំបូងនេះសាលារបស់លោកបើកដំណើរការ ចំនួន ១០ថ្នាក់ ដោយវេនព្រឹកមាន ៥ថ្នាក់ និងវេនរសៀលមាន ៥ថ្នាក់។

បណ្ឌិត ហោ ប៉េង បានបន្ថែមថា «បើសិនជាការសាកល្បងដំណាក់កាលទី១ នេះជោគជ័យ ក្នុងរយៈពេល ២សប្តាហ៍ សាលាកលវិទ្យាល័យនឹងពិនិត្យលទ្ធភាព បើកដំណើរការថ្នាក់រៀនបន្ថែមទៀត»

ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកឲ្យថ្នាក់ឧត្តមសិក្សា បើកដំណើរការឡើងវិញ ក៏បានធ្វើឱ្យអ្នកជំនាញថ្នាក់ឧត្តមសិក្សា បង្ហាញការគាំទ្រយ៉ាងខ្លាំងផងដែរ។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានឲ្យដឹងថា គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស មាន១២៨ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មាន៤៨ និងឯកជនមាន ៨០ ដែលមានទីតាំងស្ថិតនៅ ២០ខេត្ត និងរាជធានី។

លោកបន្ថែមថា «មកដល់ពេលនេះ មាន ១៤ទីតាំង នៅទូទាំងប្រទេសបានទទួលការអនុញ្ញាតឲ្យបើកដំណើរការសាកល្បង»

មុននឹងការប្រកាសអនុញ្ញាតឱ្យបើកថ្នាក់កម្រិតឧត្តមសិក្សាឡើងវិញនោះ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចឱ្យបើកដំណើរការសាលារៀនឡើងវិញ ចាប់ពីអនុវិទ្យាល័យឡើងទៅផងដែរ។ ចំពោះការអនុញ្ញាត ឱ្យបើកទ្វារថ្នាក់ឧត្តមសិក្សាឡើងវិញនេះ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយពួកគាត់ចាត់ទុកថា ជាការគិតគូរដ៏ត្រឹមត្រូវ ក្នុងនាមជាអ្នកកាច់ចង្កូតរាជរដ្ឋាភិបាល ក៏ដូចជាដើម្បីលើកកម្ពស់ស្តង់ដារអប់រំទៀត៕