(កំពត)៖ ទោះបីជាមានការហាមឃាត់នាពេលកន្លងទៅរបស់លោក ជាវ តាយ អតីតអភិបាលខេត្តកំពត យ៉ាងណាក៏ដោយ តែសកម្មភាពកាប់ទន្ទ្រាន រុករាន និងកាន់កាប់ ដោយយកអាត្រាក់ទៅឈូសឆាយបំផ្លាញ ដីព្រៃក្នុងដែនឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ជាច្រើនហិកតានៅតែបន្តកើតមានឡើងដដែល។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពត បានឲ្យដឹងថា សកម្មភាពឈូសឆាយ និងកាប់ទន្ទ្រានដីព្រៃខាងលើនេះ គឺបង្កដោយមុខសញ្ញាដដែលៗមួយចំនួនតូច។ ជាក់ស្តែងនៅយប់អធ្រាត្រថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្រុមមនុស្សទាំងនោះដែលខ្លះជាមន្រ្តីរាជការ បានយករថយន្តធំដឹកអាត្រាក់ អាបុល ចូលទៅចំណុចដីខាងលើ ដើម្បីឈូសឆាយទន្ទ្រានរុករានយកកាន់កាប់ដោយខុសច្បាប់ ថែមទាំងមានការសាងសង់លំនៅដ្ឋានរឹងមាំនៅលើដីនោះទៀតផង។

មិនតែប៉ុណ្ណោះទេផ្លូវមួយខ្សែក្រាលក្រួសក្រហមជាង២ពាន់ម៉ែត្រ ដែលប្រជាពលរដ្ឋដើរឆ្លងកាត់សម្រាប់ប្រកបមុខរបរអាជីវកម្មធ្វើស្រែចម្ការនៅទីនោះ ក៏ត្រូវបានបំផ្លាញខូចខាតដោយដុំៗ ហើយម្យ៉ាងទៀតមានភ្លៀងធ្លាក់ ជាប់គ្នារហូតផង រឹតតែធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ។

ជាមួយនឹងសកម្មភាពល្មើសខាងលើនេះ ប្រជាពលរដ្ឋដែលរស់នៅជុំវិញភូមិសាស្ត្រនោះ បានស្នើ និងសំណូមពរដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មី និងស្ថាប័នពាក់ព័ន្ធទៀត ជាពិសេសក្រសួងបរិស្ថាន មានចំណាត់ការតាមច្បាប់ចំពោះក្រុមមន្ត្រីទាំងនេះ និងរកដំណោះស្រាយជូនពួកគាត់ផង។

បើតាមប្រជាពលរដ្ឋ ផ្លូវមួយខ្សែនេះជាអំណោយ និងកសាងឡើងផ្ទាល់របស់ម្ចាស់គម្រោងដីឡូតិ៍គ្រួសាររីករាយ ដែលទុកជាផ្លូវសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងរថយន្តធន់តូចៗ ធ្វើមធ្យោបាយឆ្លងកាត់តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា មេខ្លោងជាមន្ត្រីរាជការមានឈ្មោះ ប៊ុន សុផាត និងឈ្មោះ ឈុន សារឿន ជាសមត្ថកិច្ចម្នាក់ ព្រមជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ម្ចាស់គម្រោងទីឡូតិ៍មួយកន្លែងអ្នកស្រី គង់ ម៉ី បានលើកឡើងថា ផ្លូវដែលប្រជាពលរដ្ឋកំពុងធ្វើការតវ៉ា និងហាមប្រាមមិនឲ្យដឹកគ្រឿងចក្រធំៗឆ្លងកាត់លើផ្លូវនេះ ក្រុមហ៊ុនលោកស្រីជាអ្នកកសាងធ្វើឡើងសម្រាប់ប្រជាពលរដ្ឋ និងរថយន្តតូចធ្វើដំណើរឆ្លងកាត់ ហើយកន្លងមកនេះមានបណ្តាញព័ត៌មានមួយចំនួនផ្សព្វផ្សាយខុសពីការពិត ធ្វើឲ្យមានការភ័ន្តច្រឡំដល់មហាជន ដោយចោទប្រកាន់ថា លោកស្រីបានបិទផ្លូវនេះ ប៉ុន្តែភាពជាក់ស្តែង លោកស្រីមិនបានបិទផ្លូវមួយនេះទេ តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ។

លោកស្រីគ្រាន់តែដាក់លូមិនឲ្យរថយន្តធន់ធ្ងន់ដឹកគ្រឿងចក្រឆ្លងកាត់លើផ្លូវ ដែលជាផ្លូវរបស់លោកស្រីទុកសម្រាប់ប្រជាពលរដ្ឋ និងរថយន្តធុនតូចឆ្លងកាត់តែប៉ុណ្ណោះ ហើយប្រជាពលរដ្ឋដែលនៅក្នុងភូមិសាស្ត្រ ជុំវិញដីពុះឡូតិ៍របស់លោកស្រីតែប៉ុណ្ណោះ។

ពាក់ព័ន្ធការឈូកឆាយដីក្នុងដែនឧទ្យានជាតិព្រះមុនីវង្សបូកគោ លោក អ៊ុក ចាន់ឌីណា អនុប្រធានមន្ទីរបរិស្ថានខេត្តកំពត និងជាប្រធានឧទ្យានជាតិព្រះមុនីវង្សបូកគោ បានឱ្យដឹងនៅរសៀលថ្ងៃនេះថា លោកមិនបានដឹងទេ ពីព្រោះរូបលោកកំពុងតែបំពេញបេសកកម្មនៅក្នុងសង្កាត់កោះតូច ដោយចុះពិនិត្យដីអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីកាត់ឆ្វៀលចេញពីឧទ្យានជាតិ ជូនប្រជាពលរដ្ឋតាមគោលការណ៍ថ្នាក់លើ។ តែទោះបីជាយ៉ាងណាក៏ដោយ លោកនឹងងចាត់បញ្ជូនមន្ត្រីជំនាញរបស់លោក ចុះទៅពិនិត្យជាក់ស្ដែង៕