(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជិត១,០០០លានដុល្លារបន្ថែមទៀត សម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក៏ដូចជាអាជីវកម្ម និងធុរកិច្ច នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមការលើកឡើង របស់លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការលើកឡើងបែបនេះ របស់លោក វង្សី វិស្សុត ក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការ គោលនយោបាយ សម្រាប់កម្មវិធីឆ្លើយតប នឹងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ហៅកាត់ថា CARES តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដែលជាសមាជិក សមាជិកា នៃគណៈកម្មការ គោលនយោបាយនេះ និង តំណាងធនាគារពិភពលោក (WB) ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន ប្រចាំកម្ពុជា (JICA) និងមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) ផងដែរ។
លោក វង្សី វិស្សុត បានថ្លែងថា រាជរដ្ឋាភិបាលនឹងនៅតែបន្ត ក្នុងការគាំទ្រគ្រួសារក្រីក្រ និងងាយរងគ្រោះ ក៏ដូចជាអាជីវកម្ម និងធុរកិច្ច នៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ទៀត។ នៅក្នុងក្របខណ្ឌ នៃផែនការស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩, លោកបានថ្លែងថា កន្លងមករាជរដ្ឋាភិបាលបានវិភាជន៍ថវិកា ប្រមាណ៨៤០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងអាចនឹងឈានដល់ប្រមាណ១,៥៥៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១នេះ ហើយបានគ្រោងប្រមាណ ៩៩០ លានដុល្លារអាមេរិកទៀត សម្រាប់ឆ្នាំ២០២២ខាងមុខនេះ។
លោក វង្សី វិស្សុត បានលើកឡើងថា ចាប់តាំងពីកិច្ចប្រជុំលើកទី២ របស់គណៈកម្មការ CARES នៅខែមេសា ឆ្នាំ២០២១មក កម្ពុជាបានឆ្លងកាត់រលក នៃបញ្ហាប្រឈមជាច្រើន មិនធ្លាប់មានពីមុនមក ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ហើយអាជីវកម្មត្រូវប៉ះពាល់ ជាពិសេសឱកាសរកប្រាក់ចំណូល ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ត្រូវទទួលរងផលប៉ះពាល់ខ្លាំង។ ក៏ប៉ុន្តែកម្ពុជា នៅតែអាចរក្សាសភាពការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យស្ថិតនៅក្នុងកម្រិត ដែលអាចគ្រប់គ្រងបាន។
ជាក់ស្តែង គិតមកទល់នឹងពេលនេះ ករណីឆ្លងថ្មីបានធ្លាក់ចុះ ហើយភាគច្រើន គឺជាករណីស្រាល និងគ្មានរោគសញ្ញា ខណៈដែលករណីចូល សម្រាកព្យាបាល នៅមន្ទីរពេទ្យ និងអត្រាមរណភាពវិញ ក៏កំពុងមាននិន្នការថយចុះផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការ អន្តរាគមន៍ខាងផ្នែកសេដ្ឋកិច្ច និងសង្គមជាបន្តបន្ទាប់ ដើម្បីជួយរក្សាលំនឹងធុរកិច្ច និងជីវភាពរស់នៅ របស់ប្រជាជន ជាពិសេសជីវភាពកម្មករ-និយោជិត និងគ្រួសារក្រីក្រ ព្រមទាំងក្រុមជនងាយរងគ្រោះ ដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។
លោកបានបន្តថា តាំងតែពីដើមរៀងមក រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ គឺជាការងារអាទិភាពធំបំផុត និងផ្តល់អាទិភាពយ៉ាងខ្លាំងបំផុតលើ៖ ១៖ ការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លង និងការពារអាយុជីវិតរបស់ប្រជាជន, ២៖ ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ ក្រុមជនងាយរងគ្រោះ និងអ្នកបាត់បង់ការងារ, ៣៖ ការខិតខំជួយឲ្យអស់លទ្ធភាព ដើម្បីជួយឲ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ ពិសេសការរក្សា និងជំរុញសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក និង ៤៖ ការរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ស្ថិរភាពសង្គម និងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះដែរ ដើម្បីបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩, កម្ពុជា ក៏បានអនុម័តច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនផ្សេងទៀត ដូចជា៖ វិធានការសុខាភិបាល, វិធានការរដ្ឋបាល, ការហាមឃាត់ការធ្វើដំណើរ និងការបិទ រមណីយដ្ឋាន ទេចរណ៍ទូទាំងប្រទេស និងការដាក់បំរាមគោចរ ព្រមទាំងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។
ជាមួយគ្នានេះដែរ កម្ពុជាបាននិងកំពុងអនុវត្តកម្មវិធី ចាក់វ៉ាក់សំាង បង្ការជំងឺកូវីដ-១៩ ស្របទៅតាមផែនការ ចាក់វ៉ាក់សាំង និងផែនការលទ្ធកម្មវ៉ាក់សាំង របស់ខ្លួន
ដែលគិតមកទល់នឹងពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំង ចំនួន ៣៧ ៥៩៩ ១០០ ដូស និងបានចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ១៣,៦ លាននាក់ ដែលស្មើនឹងប្រមាណ ៨៤,៩១ % នៃចំនួនប្រជាពលរដ្ឋ ក្រុមគោលដៅប្រមាណ១៦លាននាក់។
លោកបានគូសបញ្ជាក់ថា ភាពជោគជ័យដ៏ធំធេង របស់កម្ពុជា ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តវ៉ាក់សាំង បាននិងកំពុង នាំមកនូវក្តីសង្ឃឹម នៃការវិលត្រឡប់ មករកភាពប្រក្រតីថ្មីវិញ។ ជាក់ស្តែង រាជរដ្ឋាភិបាល បានបន្ធូរបន្ថយការចត្តាឡីស័ក សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ពេញលេញចូលក្នុងប្រទេសពី១៤ថ្ងៃ មកនៅចន្លោះពី៧ ទៅ៣ថ្ងៃប៉ុណ្ណោះ។
បន្ថែមពីនោះទៀត លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដោយផ្តោតសំខាន់ លើអភិក្រមចំនួន៣គឺ៖
១៖ ការងើបឡើងវិញ និងការរស់រាន (Revival and Survival) ដើម្បីបន្តទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាជន និងរក្សាលំនឹង ជីវភាពរបស់ប្រជាជន ក៏ដូចជាដើម្បីធ្វើឲ្យសេដ្ឋកិច្ចអាចរស់រានបាន ព្រមទាំងដើម្បីស្តារមូលដ្ឋានគ្រឹះ នៃកំណើនសេដ្ឋកិច្ច ឲ្យអាចវិលត្រឡប់ទៅកាន់គន្លង នៃកំណើនខ្ពស់ឡើងវិញ
២៖ ការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយវិបត្តិ ទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែង សេដ្ឋកិច្ច ព្រមទាំងការជំរុញ និងអភិវឌ្ឍឌីជីថ លូបនីយកម្ម និង
៣៖ ការលើកកម្ពស់ភាពធន់ (Resilience) ទាំងក្នុងវិស័យសាធារណៈ, វិស័យឯកជន និងទាំងជាសេដ្ឋកិច្ច, ធនធានលំហរថវិកា, វិស័យហិរញ្ញវត្ថុ ទាំងយន្តការ ឆ្លើយតបវិបត្តិ និងការបង្កើតប្រភពហិរញ្ញប្បទានក្នុងស្រុក, ប្រព័ន្ធគាំពារសង្គម និងសុខាភិបាល ព្រមទាំងការ អភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ ការអភិវឌ្ឍ បៃតង ដើម្បីបន្ស៊ាំនឹងការប្រែប្រួល អាកាសធាតុ ក្នុងគោលដៅដើម្បីពង្រឹងការត្រៀមខ្លួនរបស់កម្ពុជា ទៅនឹងវិបត្តិដែលនឹងអាចកើតឡើង នាពេលអនាគត។
លោក Ahmed Muneeb Saeed ក្នុងនាម ADB បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ នៃការរីករាលដាល នៃជំងឺ កូវីត-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងសន្ទុះមួយដ៏លឿន ដែលសម្រេចបានតាមគោលដៅ ដែលធ្វើឲ្យកម្ពុជា ឈរនៅលំដាប់ជួរមុខ ធៀបនឹងប្រទេសដទៃទៀត ក្នុងតំបន់ក៏ដូចជាលើសកលលោក ដែលនាំឲ្យកម្ពុជា អាចចាប់ផ្តើមបើកសកម្មភាព សេដ្ឋកិច្ច និងប្រទេសឡើងវិញតាមគន្លងថ្មី ក្នុងពេលដ៏ឆាប់ខាងមុខ។
ជាមួយគ្នានេះ លោក Ahmed Muneeb ក៏បានថ្លែងផងដែរថា ADB នឹងបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងការគាំទ្រការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការផ្តល់ហិរញ្ញប្បទាន ជំនួយបច្ចេកទេស និងចំណេះដឹង។
គួរបញ្ជាក់ថា កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ដែលមានទឹកប្រាក់សរុបប្រមាណ ២៥០ លានដុល្លារអាមេរិក និងការចូលរួមបដិភាគរបស់ JICA ប្រមាណ២៣៨លានដុល្លារអាមេរិក និងមូលនិធិ EDCF របស់សាធារណរដ្ឋកូរ៉េប្រមាណ ៥០ លានដុល្លារអាមេរិកទៀត, ធនាគារពិភពលោកប្រមាណ២០០លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រ ដល់ការអនុវត្តកម្មវិធី CARES នេះ៕