(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ដោយប្រកាសពីការបើកដំណើរការគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនគ្រប់កម្រិតឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ក្នុងភូមិសាស្ត្ររាជធានី ខេត្តទាំងអស់។ នេះបើយោងតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។

យោងតាមសេចក្តីណែនាំ ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ បានបញ្ជាក់ថា បន្ទាប់ពីការវាយតម្លៃលើដំណើរការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រ ដែលមានហានិភ័យទាប ក្រសួងបានសង្កេតឃើញថា៖

* ១)៖ គ្រឹះស្ថានសិក្សាប្រមាណ ៣០ ភាគរយបានចាប់ដំណើរការតាមគ្រប់រូបភាព ស្របតាមសេចក្តីណែនាំ,
* ២)៖ ការចូលរួមតាមគ្រប់រូបភាពពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាដំណើរការអប់រំប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន,
* ៣)៖ ការបើកដំណើរការគ្រឹះស្ថានសិក្សាបានផ្តល់លទ្ធភាពឱ្យយើងអាចធ្វើតេស្ត និងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ទាំងលើបុគ្គលិកអប់រំ និងសិស្សានុសិស្សមួយចំនួនតូច ហើយបានចាត់ចែងព្យាបាលទាន់ពេលវេលា និងទប់ស្កាត់ កាត់ផ្តាច់ការឆ្លងរាលដាលបានល្អប្រសើរ,
* ៤)៖ ករណីវិជ្ជមានកូវីដ-១៩ លើគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងរយៈពេល៧ថ្ងៃមុនបុណ្យភ្ជុំបិណ្ឌ និងរយៈពេល៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។ ម្យ៉ាងវិញទៀត មាតាបិតា អ្នកអាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស និស្សិតបានទទួលវ៉ាក់សាំងការពារកូវីដ-១៩ ក្នុងអត្រាខ្ពស់។

«ឈរលើមូលដ្ឋាននេះ ដើម្បីឈានទៅដំណើរការអប់រំតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងនឹងពង្រីកវិសាលភាពនៃការបង្រៀននិងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្រ្តទូទាំងរាជធានី ខេត្តទាំងអស់។ ការពង្រីកវិសាលភាពនេះ រួមបញ្ចូលទាំង ការពង្រីកពីកម្រិតថ្នាក់ទី៩ និងទី១២ រហូតដល់គ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សា និងការពង្រីកវិសាលភាពដល់កម្រិតបឋមសិក្សា, គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន, វិទ្យាស្ថានជាតិអប់រំ, វិទ្យាស្ថានបច្ចេកវិទ្យា, គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, គ្រឹះស្ថានសិក្សាអប់រំពិសេស, សាលាអនុវត្តន៍ និងវិទ្យាល័យចំណេះទូទៅនិងអប់រំបច្ចេកទេស ដោយគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានសុខាភិបាលជាធរមាន»។ នេះបើតាមសេចក្តីណែនាំដដែល៕

សូមអានសេចក្តីណែនាំខាងក្រោម៖