(ព្រៃវែង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានចុះយុទ្ធនាការផ្សព្វផ្សាយអប់រំ, បាញ់ថ្នាំកំចាត់ជម្រកមូសខ្លា និងដាក់ថ្នាំអាប៊ែត ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅក្នុងសង្កាត់ចំនួន៤ គឺសង្កាត់កំពង់លាវ, បារាយណ៍,ជើងទឹក, តាកោ នៅក្រុងព្រៃវែង ខេត្តព្រៃវែង ដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនឈីក។

ដំណើរការនៃយុទ្ធនាការនេះ បានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២១ ដែលអញ្ជើញចុះដោយផ្ទាល់ពី លោក សុខ ផេង អនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ដព្រៃវែង, មន្ទីរសុខាភិបាល និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាមួយចំនួនទៀត។

ក្នុងឱកាសនោះ លោក សុខ ផេង បានថ្លែងថា នៅខេត្ដព្រៃវែងកន្លងមកនេះ រាល់រដូវភ្លៀងធ្លាក់ សាខាកាកបាទក្រហមកម្ពុជា ក៏ដូចជាមន្ទីរសុខាភិបាលខេត្ដ តែងតែសហការគ្នា ចុះផ្សព្វផ្សាយអប់រំណែនាំប្រជាពលរដ្ឋ ពីជំងឺផ្សេងៗជាពិសេស ជំងឺគ្រុនឈាម និងគ្រុនឈីក ដែលបណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ឈានទៅដល់បាត់បង់ជីវិត។

លោកបន្ដថា «ដូច្នេះនៅថ្ងៃនេះ ក្រុមការងាររបស់យើង បានសហការជាមួយមន្ទីរសុខាភិបាលខេត្ដ ចុះផ្សព្វផ្សាយអប់រំ ដាក់ថ្នាំអាប៊ែត និងបាញ់ថ្នាំកំចាត់ជម្រកមូសខ្លា នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។ ក្រៅពីនោះ យើងបានដើរបិទលិខិតបណ្ណអំពីការការពារ និងលុបបំបាត់ជម្រកមូសខ្លា ដែលយើងទទួលបានស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជាផងដែរ។ លើសពីនោះ ចុះអប់រំពលរដ្ឋយើង ពីការសម្អាតបរិស្ថាននៅក្នុងបរិវេណផ្ទះ លាងសម្អាតពាងទឹក ឬអាងទឹក, របៀបទុកដាក់សំបកកង់ឡាន និងកន្លែងអាចដក់ទឹកថ្លាជាដើម ព្រោះវាជាជម្រកមូសខ្លា ដែលអាចមកខំាកូនៗ និងគ្រួសារបណ្តាលឲ្យកើតជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក»។

លោក សុខ ផេង បានថ្លែងបន្តថា ត្បិតណាស់ឆ្នាំនេះ ជំងឺគ្រុនឈាម និងគ្រុនឈីកមានចំនួនតិចតតួចបំផុត ក្នុងខេត្ដព្រៃវែង តែក្រុមការងារ ក៏នៅតែបន្តខិតខំ ប្រឹងប្រែងបន្ថែមដូចភ្លៀងរលឹម ដោយមិនបញ្ឈប់នោះទេ ក្រោមការជំរុញលើកទឹកចិត្ត និងណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលណែនាំឲ្យសាខា បន្តយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋ ពិសេសកំលុងភ្លៀងធ្លាក់ ដែលអាចកើតមានជំងឺគ្រុនឈាម និងគ្រុនឈីកជាដើម។

លោកបន្តថា ប្រសិនបើកន្លែងណាដែលមានផ្ទុះនៃជំងឺទាំងនេះ ក្រុមការងារសាខា និងសហការជាមួយក្រសួងសុខាភិបាល ចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់ជម្រកមូសខ្លា ភ្លាមតែម្តង ដើម្បីលុបបំបាត់ជម្រកមូសខ្លាជូនពលរដ្ឋ។ ហើយសាខាកាកបាទក្រហមកម្ពុជាខេត្ដ នឹងបន្តប្ដេជ្ញាសហការជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី ដើម្បីឲ្យយុវជនក៏ដូចជាអនុសាខាចុះអប់រំផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋបន្ដទៀត ឲ្យពួកគាត់បានយល់កាន់ច្បាស់ និងដឹងពីការពារខ្លួនពីជំងឺគ្រុនឈាម ,គ្រុនឈីក និងជំងឺផ្សេងៗទៀត ទោះក្នុងបរិបទជំងឺកូវីដ១៩ ដោយយើងអនុវត្ដនូវវិធាន ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងវិធាននានា របស់ក្រសួងសុខាភិបាល។

តាមការបញ្ជាក់ របស់លោកវេជ្ជបណ្ឌិត ជឹម ហ៊ៅ អនុប្រធានសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា គិតត្រឹម៩ខែ ឆ្នាំ២០២១នេះ គ្មានករណីជំងឺគ្រុនឈាម តែមានករណីជំងឺគ្រុនឈីក ចំនួន១០ករណី។

សូមជម្រាបថា ក្រសួងសុខាភិបាល បានលើកទឹកចិត្ដឲ្យប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ជម្រកមូសខ្លា នៅជុំវិញគេហដ្ឋានរបស់គាត់ នៅក្នុងភូមិរបស់គាត់ នេះជាគន្លឹះ ដែលជួយទប់ស្កាត់ការរាលត្បាតនៃជំងឺគ្រុនឈាម។

ការចម្លងជំងឺគ្រុនឈាម ឬគ្រុនឈីក គឺអាស្រ័យទៅលើ ភ្នាក់ងារចម្លងជំងឺគ្រុនឈាម គឺមូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម បើលុបបំបាត់ជម្រកមូសខ្លាបាន ហើយមូសខ្លាគ្មានវត្ដមានភូមិឃុំយើង ការចម្លងជំងឺគ្រុនឈាម ឬគ្រុនក៏គ្មានដែរ៕