(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានថ្លែងថា កម្មវិធីជាតិស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ គឺជាការរួមចំណែកជំរុញឲ្យកម្ពុជាក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗ ខាងមុខនេះ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គ.ជ.អ.ប. តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom) នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងគោលបំណងជំរុញគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមិជ្ឈការឲ្យកាន់តែស៉ីជម្រៅ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យរៀបចំកម្មវិធីជាតិ (ស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ) ដំណាក់កាលទី២ សម្រាប់រយៈពេល ១០ឆ្នាំថែមទៀត គឺចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដើម្បីសម្តៅបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានសក្តានុពល ក្នុងការរួមចំណែកសម្រេចឲ្យបានចក្ខុវិស័យ របស់រាជរដ្ឋាភិបាល នោះគឺស្តារស្ថានភាពសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ១៩ និងការបន្តជំរុញឲ្យកម្ពុជាក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗខាងមុខនេះ»។

កិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប បានផ្តោតលើរបៀបវារៈចំនួន៤ រួមមាន៖

១៖ ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប.
២៖ ការពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ឆ្នាំ២០២០ និងឆមាសទី១ ឆ្នាំ២០២១
៣៖ ការពិនិត្យលើសេចក្តីព្រាងឯកសារកម្មវិធីជាតិស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)
៤៖ ការកែសម្រួលសេចក្តីណែនាំ ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ៕