(ថៃ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានធ្វើដំណើរចុះទៅសិក្សាស្វែងយល់ពីការអភិវឌ្ឍតំបន់ទេសចរណ៍នៅខេត្តស៊ីសាកេត ដែលជាតំបន់ទេសចរណ៍មួយមានការទាក់ទាញខ្ពស់នៅក្នុងប្រទេសថៃ។

ដំណើរចុះសិក្សាស្វែងយល់ពីការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តស៊ីសាកេត ដែលធ្វើឡើងនាពេលថ្មីៗនេះ លោកបណ្ឌិត សុខ សុក្រឹត្យា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំនៅក្នុងខេត្តស៊ីសាកេត។ លោកបណ្ឌិត សុខ សុក្រឹត្យា បានចុះទៅតំបន់ទេសចរណ៍ដែលទាក់ទាញជាច្រើននៅក្នុងខេត្តជាប់ព្រំដែនប្រទេសកម្ពុជាមួយនេះ។

លោក សុខ សុក្រឹត្យា បានឱ្យដឹងថា ដំណើរចុះសិក្សាស្វែងយល់តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តស៊ីសាកេត ដើម្បីសិក្សាឱ្យកាន់តែស៊ីជម្រៅក្នុងការរៀបចំយុទ្ធសាស្រ្តជំរុញយុទ្ធនាការ «ព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍តែមួយ» តាមរយៈការរៀបចំបើកគម្រោង «ទិដ្ឋាការមួយសម្រាប់ប្រទេសពីរ» និងពិភាក្សាបន្ថែមអំពីកិច្ចសហការជាមួយខេត្តស៊ីសាកេត ក្នុងការបើកទិដ្ឋាការតែមួយដើម្បីទទួលទេសចរអន្តរជាតិចូលមកទស្សនាប្រទេសទាំងពីរ កម្ពុជា-ថៃ។

លោកបណ្ឌិត បានប្តេជ្ញាទទួលយកគំនិតល្អៗដែលទទួលបានពីដំណើរទស្សនកិច្ចនេះទៅអភិវឌ្ឍគោលដៅទេសចរណ៍នៅកម្ពុជា។ ជាពិសេសការជំរុញទេសចរណ៍បែបជំនឿសាសនានៅខេត្តសៀមរាប ប្រែក្លាយទឹកមន្តសក្តិសិទ្ធិនៅលើភ្នំគូលែនឱ្យទៅជាទឹកមន្តសម្រាប់សុខភាព ដែលនៅប្រទេសជប៉ុនហៅថា (ទឹកអនសេន-Onsen)។

ក្នុងឱកាសនោះ លោក សុខ សុក្រឹត្យា បានបន្តដំណើរចុះទស្សនកិច្ចការរៀបចំអារ៉ាមទេសចរណ៍ដ៏ល្បីមួយរបស់ខេត្តស៊ីសាកេត គឺវត្តផៃផាត់ថាណា។ លោកបណ្ឌិត បានបួងសួងសុំសេចក្តីសុខ និងសុំសេរីសួស្តីសព្វសាធុការពរជ័យជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាប្រជាជនកម្ពុជា និងប្រជាជនថៃ ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងចាកផុតពីជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗនេះ។

លោកបណ្ឌិត សុខ សុក្រឹត្យា បានថ្លែងអំណរគុណយ៉ាងជ្រាកជ្រៅចំពោះព្រះគ្រូចៅអធិការវត្តផៃផាត់ថាណា និងអាជ្ញាធរមានសមត្ថកិច្ច នៃខេត្តស៊ីសាកេត ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ដែលបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក។

ព្រះគ្រូចៅអធិការ ឬលោកឪ ផូភេត វ៉ាយ៉ាម៉ូ ប្រធានមូលនិធិលោកឪសួង និងជាព្រឹទ្ធាចារ្យប្រចាំស្រុកភូស៊ីង និងព្រះគ្រូកុសមៈ កូឡាសិរិកាត ព្រឹទ្ធបុរសនៃស្រុកភូស៊ីងថា ឬលោកឪ ផូដាក់ វ៉ាយ៉ាម៉ូ ព្រមទាំងអាចារ្យវត្តផៃផាត់ថាណា បានសម្តែងកោតសរសើរចំពោះភាពកតញុតាធម៌របស់លោកបណ្ឌិត សុខ សុក្រឹត្យា ឆ្លៀតឱកាសនៃដំណើរទស្សនកិច្ច ទៅបួងសួងឧទ្ទិសកុសលជូនបុព្វការីជន ដែលបានចែកឋានទៅតាមគន្លងព្រះពុទ្ធសាសនា និងជាប្រពៃណីដូនតា។

ព្រះគ្រូចៅអធិការវត្ត និងពុទ្ធបរិស័ទក្នុងពិធីបួងសួងនោះ បានសម្តែងការគោរព និងកោតស្ញប់ស្ញែងចំពោះបុណ្យបារមីរបស់សម្តេចតេជោ ហ៊ុន សែន ថា ជាថ្នាក់ដឹកនាំដ៏មានតេជៈ ខ្លាំងពូកែ ឈ្លាសវៃបំផុត និងបានបួងសួងជូនសម្តេចតេជោមានសុខភាពល្អ និងអាយុយឺនយូរតរៀងទៅ។

សូមបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចនៅខេត្តស៊ីសាកេតនេះ លោកបណ្ឌិត សុខ សុក្រឹត្យា បានជួបសួរសុខទុក្ខប្រជាពលរដ្ឋ អាជីវករ និងបានបន្ដដំណើរចុះសួរសុខទុក្ខមន្ត្រីខ្មែរ ដែលកំពុងបម្រើការងារនៅច្រកព្រំដែនអន្ដរជាតិកម្ពុជា-ថៃ «ជាំ-សាង៉ាំ» ឬ «ច្រកព្រំដែនអន្តរជាតិជាំ» ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី លោកស្រី ស៊ូវ៉ាន់ណា វ៉ាន់ណារី អភិបាលស្រុកភូស៊ីង និងលោកវរសេនីយ៍ទោ ព្រីច ប្រាឌិតស៊ីល អធិការអន្តោប្រវេសន៍នៃខេត្តស៊ីសាកេត៕