(ភ្នំពេញ)៖ មិត្តអ្នកអានដែលនិយមគាំទ្រ Fresh News នៅថ្ងៃទី៦ ខែមេសានេះ បានផ្ញើលិខិតមួយច្បាប់មកអង្គភាពព័ត៌មាន Fresh News ដោយបានលើកឡើង ពីផលវិបាករបស់ខ្លួន ក្នុងការធ្វើដំណើរនៅចំណុចការដ្ឋានស្ពានអាកាសស្តុបផ្សារដីហុយ ស្ថិតក្នុងចំណុចប្រសព្វរវាង ផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ និងបានរិះគន់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នេះថា មិនការដាក់ស្លាកសញ្ញាចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ឲ្យមានរបៀបរៀបរយ រួមទាំងហុយដីខ្លាំងទៀតផង។

ក្នុងលិខិតរបស់មិត្តអ្នកអានបានលើកឡើងថា ក្រុមហ៊ុនដែលទទួលបានការម៉ៅការ សាងសង់ស្ពានអាកាសនេះ ហាក់ដូចមិនពន្លឿននូវការសាងសង់សោះ ឃើញនៅដដែល គ្មានការប្រែប្រួលអ្វីនោះទេ គ្រាន់តែឃើញមានការកាយដី ពង្រីកចឹញ្ចើមផ្លូវ និងដាក់ថ្មសង្កត់គ្រឹះ ចាប់តាំងពីបើកការដ្ឋានតាំងពី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦មក។  

មិត្តអ្នកអានលើកឡើងថា ក្រុមហ៊ុនដែលទទួលបានការសង់សង់ ស្ពានអាកាសស្តុបផ្សារដីហុយនេះ ហាក់មិនមែនជាក្រុមហ៊ុន ដែលសាងសង់ ស្ពានអាកាស ក្នុងរាជធានីភ្នំពេញ ពីមុនៗនោះទេ ព្រោះក្រុមហ៊ុនសាងសង់ពីមុន គេមានបទពិសោធន៍ ដោយចេះរៀបចំដាក់ស្លាកសញ្ញាចរាចរណ៍ រួមទាំងសម្រួល និងរៀបចំការធ្វើចរាចរណ៍ ជូនប្រជាពលរដ្ឋប្រកប ដោយរបៀបរៀបរយល្អណាស់ មិនដូចក្រុមហ៊ុននេះទេ គឺដូចជាគ្មានបទពិសោធន៍ ធ្វើស្ពានអាកាសសោះឡើយ។

ជាមួយគ្នានេះ អ្នកដំណើរបានស្នើឲ្យអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ពិនិត្យឡើងវិញ នូវក្រុមហ៊ុនម៉ៅការសាងសង់ ស្ពានអាកាសស្តុបផ្សារដីហុយនេះ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុន គោរពគោលការបទដ្ឋានសាងសង់ និងបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕