(ភ្នំពេញ)៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានរៀបចំពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន សម្រាប់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន១,១១៦នាក់ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ។

កម្មវិធីនេះមានការចូលរួម ពីសំណាក់ សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និង សមាជិកក្រុម​ប្រឹក្សាភិបាល សាកលវិទ្យាធិការ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ជាច្រើននាក់ទៀត ។

នេះជាលើកទី១ ដែលសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ដែលមានផ្តល់ការបណ្តុះបណ្តាលវិស័យសុខាភិបាល បានរៀបចំពិធីបំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន ដោយមានការចូលរួម​ពីនិស្សិតចំនួនយ៉ាងច្រើន ។

សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ប្រារព្ធពិធីបំពាក់ឯក​សណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះឡើងក្នុងគោលបំណង​​ជំរុញលើកទឹកចិត្តប្អូនៗ ជានិស្សិតមហាវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ឲ្យមានការ​ខិតខំសិក្សាស្រាវជ្រាវ ស្វែងរកចំណេះ​ដឹង​និងជំនាញ​វិជ្ជា​ជីវពិត​ប្រាកដ ព្រមទាំងប្រកាន់ខ្ជាប់នូវ ឥរិយាបថល្អ និងការផ្តល់តម្លៃមនុស្សធម៌។

ម្យ៉ាងវិញទៀត ក៏ដើម្បីចូលរួមដាស់តឿនក្រើនរំលឹក ដល់ប្អូនៗជានិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឱ្យអនុវត្តអាជីពពេទ្យរបស់ខ្លួន នាថ្ងៃអនាគតប្រកបដោយមនសិការ កិត្តិយស និងសេចក្តី​ថ្លៃថ្នូរ។ ជាពិសេសធ្វើឡើងក្នុងគោលបំណង បង្ហាញពីភាពមេត្តាធម៌ទៅលើអ្នកជម្ងឺ  និងចូលរួមលើកដម្កើងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសុខាភិបាលអោយកាន់ប្រសើរឡើង។ ពិធី​បំពាក់​ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាននេះ ក៏ជាការរួមចំណែកថ្មីមួយទៀត ដល់ការលើកស្ទួយការ បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលផងដែរ។

ក្នុងពិធីដ៏មានអត្ថន័យនេះ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏បានចែកប័ណ្ណសរសើរ ជូនដល់និស្សិតពូកែប្រចាំឆ្នាំ ចំនួន១០២នាក់ ដែលមកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តផងដែរ។
ការចែកជូនប័ណ្ណសរសើរនេះ ជាការសរសើរចំពោះនិស្សិត ដែលបានខិតខំរៀនសូត្រកន្លងមក និងជាការលើកទឹកចិត្តដល់និស្សិតពូកែ ព្រមទាំងនិស្សិតទាំងអស់ បន្តការខិតខំប្រឹងប្រែងលើការរៀនសូត្រ របស់ខ្លួនបន្ថែមទៀត ក៏ដូចជាចេះចែក​រម្លែកចំណេះដឹងរបស់ខ្លួន ជាមួយមិត្តរួម​ជំនាន់ និងប្អូនៗនិស្សិតជំនាន់ក្រោយ ដើម្បីចូលរួម​អភិវឌ្ឍធន​ធានមនុស្ស ឱ្យកាន់តែមានការរីក​ចំរើនមួយ​កម្រិតទៀត សម្រាប់​ប្រទេសកម្ពុជា។

ក្នុងការថ្លែងសន្ទរកថាបិទកម្មវិធី សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានកោតសរសើរដល់ សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ ដែលបានរៀបចំពិធីដ៏មានអត្ថន័យនេះ ឡើងមុនគេ ដែលជាការលើកស្ទួយគុណភាព នៃការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល នៅកម្ពុជាមួយកម្រិតទៀត។ សាស្ត្រាចារ្យបានសង្កត់ធ្ងន់ផងដែរថា ក្នុងនាមជាគ្រូពេទ្យ ត្រូវតែមានចំណេះដឹង មានស្មារ​តីរឹងមាំ មានការទទួលខុសត្រូវខ្ពស់ មានក្រមសីល មានវិជ្ជាជីវៈ មិនខ្ជីខ្ជា និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការជួយសង្រ្គោះអ្នកជំងឺ៕