(កណ្ដាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានពិន័យរថយន្តដឹកខ្សាច់ចំនួន ៥គ្រឿង ក្នុងចំណោម៩គ្រឿង ក្រោយមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្រុងតាខ្មៅ បានចុះចាប់ និងឃាត់រថយន្តដឹកខ្សាច់ខុសម៉ោងនាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។ នេះបើតាមការឱ្យដឹងពីមន្ត្រីនៃមន្ទីរសាធារណការខេត្ត បានបញ្ជាក់មកភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ។

បើតាមមន្ត្រីរូបនេះ ក្រោយពេលជំនាញបានយករថយន្តទាំង៩គ្រឿងមកថ្លឹងមក រកឃើញរថយន្តដឹកខ្សាច់ចំនួន៥គ្រឿងដឹកលើសទម្ងន់ និងពិន័យទៅតាមច្បាប់ផ្លូវថ្នល់។

មន្ត្រីដដែលបានបញ្ជាក់ថា មន្ទីរពុំបានឃាត់ទុករថយន្តពិន័យមួយឆ្នាំនោះឡើយ ដោយសារតែរថយន្តពួកគាត់មិនមែនជាប្រភេទខ្នាត៤ភ្លៅទេ ដែលគ្រាន់តែពិន័យទៅតាមច្បាប់ដែលបានកំណត់រួចមកតែប៉ុណ្ណោះ។

យោងតាមក្រឹត្យក្រម នៃការផាកពិន័យ រថយន្តដឹកលើសទម្ងន់មួយតោនក្នុងតម្លៃ៣០ម៉ឺនរៀល ប៉ុន្តែទោះយ៉ាងណាមន្ត្រីរូបនេះ ពុំទាន់បានបញ្ជាក់ថា ក្នុងរថយន្តមួយគ្រឿងលើសប៉ុន្មានតោននោះឡើយ ដោយលោកបញ្ជាក់ ត្រឹមថាលើស៥គ្រឿង និងពិន័យតាមច្បាប់ផ្លូវថ្នល់តែប៉ុណ្ណោះ។

កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១កន្លងទៅ អាជ្ញាធរក្រុងតាខ្មៅ បានសហការគ្នាចុះចាប់រថយន្តដឹកខ្សាច់ខុសម៉ោងទាំងយប់ ក្រោយពួកគេបំពានជារៀងរាល់ថ្ងៃអប់រំមិនស្ដាប់ ដោយចាប់បានឡានចំនួន៩គ្រឿង។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានកោះហៅក្រុមអាជីវករ និងក្រុមអ្នកដឹកឡានខ្សាច់រ៉ែទាំងអស់ មកប្រជុំនៅឯសាលាខេត្តកណ្ដាល ដោយបានព្រមានធ្ងន់ៗពីផ្លូវច្បាប់ និងការអនុវត្តច្បាប់ដោយគ្មានការយោគយល់ចំពោះការបំពានរបស់ពួកគាត់ឡើយ។

លោក ណុប ដារ៉ា បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅ អាជ្ញាធរនឹងប្រើកណ្ដាប់ដៃធម៌ក្ដៅ ក្នុងការលត់ដំអ្នកបំពានទាំងអស់ដោយមិនគិតខ្សែខាងណានោះឡើយ ធ្វើយ៉ាងណាគឺយកច្បាប់មកអនុវត្តដើម្បីពង្រឹងច្បាប់ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ បរិស្ថាន នៃក្រុងតាខ្មៅ និងខេត្តកណ្ដាលទាំងមូល។

គួរជម្រាបថា យោងតាមសារាចរណែនាំលេខ០៦ ប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ហាមដាច់ខាត ចំពោះការដឹកសារធាតុលើសពីម៉ោង៦ល្ងាច ពោលគឺអាចដំណើរបានចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង ៦ល្ងាចប៉ុណ្ណោះ។ បើឡានណាប្រព្រឹត្តល្មើស នោះសមត្ថកិច្ចពាក់ព័ន្ធជាពិសេស គឺនគរបាលចរាចរណ៍មានកតព្វកិច្ចធំក្នុងការអនុវត្តន៍ច្បាប់។ ប៉ុន្តែកិច្ចការងារនេះ ហាក់មិនទាន់មានប្រសិទ្ធភាពនោះឡើយ ដោយសារគេឧស្សាហ៍ឃើញក្រុមឡានដឹកសារធាតុរ៉ែទាំងនេះ បំពានជារៀងរាល់ថ្ងៃ ខណៈដែលមហាជនអស់សង្ឃឹម និងមិនឱ្យតម្លៃទៅលើសមត្ថភាពរបស់មន្ត្រីមានសមត្ថកិច្ចលើរឿងនេះ៕