(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ក្រោមការដឹកនាំពី លោក ជា ពិសី ជាអភិបាលខណ្ឌប្ញស្សីកែវ មានការរួមដំណើរ ពីក្រុមការងារអនុសាខាកាបាទក្រហមខណ្ឌ និងក្រុម​ការងារ​កាកបាទក្រហមកម្ពុជា សង្កាត់ទួលសង្កែរួមទាំង ក្រុមយុវជនកាកបាទក្រហមជាច្រើននាក់ នាព្រឹកថ្ងៃទី​០៧ ខែមេសា ឆ្នាំ២០១៦នេះ បាននាំយកនូវអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហមកម្ពុជា​​មកចែក ជូនបងប្អូនប្រជាពលរដ្ឋទីទាល់​ក្រ ងាយរងគ្រោះចំនួន២៥ គ្រួសារដែលជា​ប្រជាពលរដ្ឋរស់នៅ តាមបណ្ដាភូមិ​នានាស្ថិត​ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។

ឆ្លៀតក្នុងឱកាសនោះលោក ជា ពិសី បានលើកឡើងអំពីការយកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ដែលលោកតែងតែយកចិតទុកដាក់ដោះស្រាយ បញ្ហារាល់ទុក្ខលំបាកផ្សេងៗ ដែលកើត​មានឡើងទៅលើប្រជាពលរដ្ឋទីទ័លក្រ ងាយរងគ្រោះនៅទូទាំងប្រទេស ពីព្រោះជាទូទៅគេ សង្កេតឃើញថា ទីណាមានប្រជាពលរដ្ឋជួបទុក្ខលំបាក ទីនោះជានិច្ចជាកាលតែងតែ មានវត្តមានរបស់​កាក​បាទ​ក្រហមកម្ពុជាជានិច្ច ជាពិសេសនៅពេលដែលប្រជាពលរដ្ឋជួបគ្រោះអាសន្នផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ។ លោក ជា ពិសី បានបន្តថា បើទោះបីជាយើងមាន​ជីវភាពខ្វះខាត​ក៏ពិតមែន ក៏ប៉ុន្តែយើងគ្រាន់តែមានការខ្វះខាតក្នុងស្ថានភាពដែល ប្រទេសយើង មានសុខសន្តិភាព និងគ្មានសង្គ្រាមដូចនេះយើងត្រូវខិតខំតស៊ូរស់បន្តទៀត ប្រកបដោយក្ដីសង្ឃឹមជានិច្ច ពីព្រោះសម្ដេចតេជោ ហ៊ុន សែន បានសន្យាហើយថាមិនឲ្យប្រជាពលរដ្ឋរបស់លោកណាម្នាក់ អត់បាយស្លាប់ឡើយ ហើយលោកបានបញ្ជាឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ធ្វើយ៉ាងណាយកចិត្ត​ទុកដាក់មើលថែទាំ​សុខ​ទុក្ខប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយ។

សូមញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូនបងប្អូន ប្រជាពលរដ្ឋទីទ័លក្រងាយរងគ្រោះនាពេលនេះ រួមមានមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម ម៊ី១កេស ត្រីខ១យួរ​ (ស្មើរ១០កំប៉ុង)ឃីត​១​ (មានមុង១​​ ភួយ១​ សារ៉ុង​១​ ក្រមា១​) ក្នុងនោះលោក ជា ពិសី បានសហការចូលរួមឧបត្ថម្ភជាថវិការចំនួន៣០,០០០៛ (បីម៉ឺនរៀល)ផងដែរសម្រាប់ក្នុងមួយគ្រួសារ៕