(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានសម្តែងនូវការសោកស្តាយដែល ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ ស្របតាមកាលានុវត្តភាពភូមិសាស្ត្រនយោបាយ សម្រាប់ផលប្រយោជន៍ប្រទេសធំៗមួយចំនួន។
ថ្លែងទៅកាន់តំណាងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងការិយាល័យអង្គការសហប្រជាជាតិ ដែលចូលរួមប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្រ្តី បានពន្យល់ថា ប្រជាធិបតេយ្យមិនមែនកើតឡើងដោយឯកឯង ឬក៏ជប់បាននោះទេ។ ប្រជាធិបតេយ្យ ក៏មិនមែនជាទំនិញដែលនាំចេញនាំចូល ពីប្រទេសមួយទៅប្រទេសមួយទៀតនោះដែរ ទោះបីជះលុយរាប់រយលានដុល្លារក៏ដោយ។ ប្រជាធិបតេយ្យជាគុណតំលៃ ដែលបានមកពីការរៀនសូត្រហើយ ដែលត្រូវកសាង និងពង្រឹងមួយជំហានម្តងៗ។
«ជាការគួរឱ្យស្តាយ ប្រជាធិបតេយ្យ រួមទាំងសិទ្ធិមនុស្ស ត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ ស្របតាមកាលានុវត្តភាពភូមិសាស្ត្រនយោបាយ សម្រាប់ផលប្រយោជន៍ប្រទេសធំៗមួយចំនួនទៅវិញ»។ នេះជាការគូសបញ្ជាក់របស់ប្រមុខការទូតកម្ពុជា។
ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបញ្ចប់ជម្លោះផ្ទៃក្នុងរបស់ខ្លួន កម្ពុជាបានរៀបចំការបោះឆ្នោតលើកដំបូង ដោយ UNTAC នៅឆ្នាំ១៩៩៣ ហើយរៀបចំការបោះឆ្នោតជាបន្តបន្ទាប់ទៀត ជារៀងរាល់៥ឆ្នាំម្តង។ គណបក្សប្រជាជនកម្ពុជា បានកាន់អំណាចតាមរយៈការបោះឆ្នោតជាបន្តបន្ទាប់នេះ ដែលទទួលបានសំឡេងគាំទ្រច្រើនលើសលុប បើប្រៀបធៀបនឹងគណបក្សដទៃទៀត។ ទោះជាយ៉ាងនេះក្តី កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជន បានរកការវាយប្រហារជាបន្តបន្ទាប់ពីបច្ចិមលោក ជាពិសេសសហរដ្ឋអាមេរិក ដោយចោទប្រកាន់ថា រំលោភសិទ្ធិមនុស្ស និងប្រាស់ចាកពីគោលការណ៍ប្រជាធិបតេយ្យជាដើម។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា «ជាការគួរឱ្យសោកស្តាយ ទោះបីមានការប្តេជ្ញាជាឱឡារិករបស់ភាគីផ្សេងទៀតនៃ “កិច្ចព្រមព្រៀង ស្តីពីអធិបតេយ្យ បូរណភាពទឹកដី ការមិនរំលោភបំពាន អព្យាក្រឹត្យភាព និងឯកភាពជាតិរបស់កម្ពុជា” ក្នុងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ទោះក្រោមរូបភាពណា ដោយផ្ទាល់ ឬដោយប្រយោលក៏ដោយ ក៏កម្ពុជានៅបន្តទទួលរងនូវការប៉ុនប៉ងជាបន្តបន្ទាប់ក្នុងការផ្លាស់ប្តូររបបតាមមធ្យោបាយដែលគ្មានលក្ខណៈប្រជាធិបតេយ្យទាល់តែសោះ»។
កាលពីចុងខែកញ្ញា កន្លងទៅ សហរដ្ឋអាមេរិក បានរៀបចំសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ឬ Cambodia Democracy Act of 2021 ដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់កម្ពុជា ក្រោមការចោទប្រកាន់ថា ធ្វើឱ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភាអាមេរិកអនុម័តកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងអ្នកនយោបាយកម្ពុជាជាច្រើន បានសម្តែងការសោកស្តាយ ចំពោះការរៀបចំសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដោយតំណាងរាស្រ្តមួយចំនួនរបស់សហរដ្ឋអាមេរិក។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្ថែមទៀតថា «ប្រទេសធំ និងតូច តែងតែមានប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី របៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា។ ប្រទេសនីមួយៗមិនគួរត្រូវបានបង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ»៕