(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំណូមពរឱ្យមានការចូលរួមពីគ្រប់ផ្នែកគ្រប់វិស័យ គ្រប់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលពាក់ព័ន្ធ ក្នុងការដោះស្រាយ បញ្ហាគ្រឿងញៀននៅក្នុងបរិបទកូវីដ១៩។

ការសំណូមពរបែបនេះរបស់ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ សម្រាប់ឆ្នាំ២០២១ របស់គណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារទប់ស្កាត់រាលរីករាលដាលមេរោគអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វេីការ ក្រោមអធិបតីភាពលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន នៅកន្លែងធ្វេីការ ដែលមានការអញ្ជេីញចូលរួមពីគ្រប់សមាជិកពេញសិទ្ធ និងបម្រុងជាតំណាងក្រសួង ស្ថាប័ន និយោជក និងសហជិព ដែលជាសមាជិកគណៈកម្មការត្រីភាគី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយផ្ទាល់ តាមប្រព័ន្ធអនឡាញ និងពីចម្ងាយ។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានជម្រាបជូនពីសភាពការណ៍គ្រឿងញៀន នៅប្រទេសកម្ពុជា តំបន់ និងពិភពលោក និងលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លេីការងារផ្សព្វផ្សាយអប់រំ ការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ការងារអនុវត្តច្បាប់ រយៈពេល៩ខែ ដែលកម្ពុជា ខិតខំសម្រេចបានក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ១៩។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា «បានលើកឡើងពីទិសដៅការងារលេីការពង្រឹងយន្តការថ្នាក់ជាតិថ្នាក់ក្រោមជាតិ ពង្រឹងវិធានការអនុវត្តនូវរាល់លិខិតបទដ្ឋានគតិយុត្ដដែលយើងមានកន្លងពិសេសយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលតម្រូឱ្យមានការចូលរួមពីគ្រប់ផ្នែកគ្រប់វិស័យគ្រប់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាគ្រឿងញៀនក្នុងបរិបទកូវីដ១៩»។

ជាមួយនឹងលទ្ធផលល្អត្រចះត្រចង់ដែលគ្រប់ផ្នែកពាក់ព័ន្ធ នៃគណៈកម្មការត្រីភាគីសម្រេចបាននោះ ថ្លែងក្នុងនាមលោក អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហ៊ុយ ហានសុង បានកោតសសេីរ និងថ្លែងអំណរគុណ និងបានសំណូមពរឱ្យគ្រប់ផ្នែកទាំងអស់បន្តអនុវត្តន៍ការងាររបស់ខ្លួន បន្តសម្រេចបានជោគជ័យ ដេីម្បីកន្លែងធ្វេីការ និងសហគមន៍បន្តមានសុវត្ថិភាព មន្រ្តី បុគ្គលិកមានសុខភាពល្អចៀសផុតពីបញ្ហាគ្រឿងញៀន និងការឆ្លងមេរោគអេដស៍-ជំងឺអេដស៍៕