(បន្ទាយមានជ័យ)៖ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិតនៅទូទាំងខេត្តបន្ទាយមានជ័យ នឹងត្រូវបើកឱ្យដំណើរឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ តែតម្រូវឱ្យលោកគ្រូ និងអ្នកគ្រូ ត្រូវទៅធ្វើតេស្តរកកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។

លោក ឈូ ប៊ុនរឿង បានបញ្ជាក់នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ថា ការបើកសាលារៀនគ្រប់កម្រិតឡើងវិញ មិនមែនចេះតែបើកៗនោះទេ ពោលត្រូវមានវិធានការឱ្យបានច្បាស់លាស់ជាមុនសិន ហើយត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ ដល់គ្រូៗ មុននឹងអនុញ្ញាតឱ្យចូលបង្រៀនវិញ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា មន្ទីររអប់រំ នឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាលើដំណើរការបើកសាលារៀនគ្រប់កម្រិតនេះឡើងវិញ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបើកសាលារៀននេះប្រព្រឹត្តិទៅប្រកបដោយរលូន។

ប្រធានមន្ទីរអប់រំ បានឱ្យដឹងថា «រឿងបើកសាលារៀន យើងបើកទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ប៉ុន្តែយើងក៏ត្រូវគិតគូរ និងគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាលដែរ ព្រោះថា មានសាលាខ្លះមានសិស្សច្រើន និងសាលាខ្លះមានសិស្សតិច ក្រសួង តម្រូវឱ្យដាក់មួយថ្នាក់ពី១៥ ទៅ២០នាក់ តើសាលានីមួយៗគួរបែងចែកសិស្សរៀនឆ្លាស់គ្នាយ៉ាងម៉េច ដើម្បីធានាការសិក្សាឱ្យបានទាំងអស់គ្នា ហើយមិនមានការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសាលាទៀតផង»

លោកបានបន្តថា ការបើកដំណើរការសាលារៀនឡើងវិញគ្រប់កម្រិតនេះ បន្ទាប់ពីក្រសួងអប់រំ បានវាយតម្លៃលើដំណើរការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រ ដែលមានហានិភ័យទាបប្រមាណ៣០ភាគរយ ប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន ពិសេសស្ថានភាពឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល៧ថ្ងៃមុនបុណ្យ ភ្ជុំបិណ្ឌ និងរយៈពេល៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌការឆ្លងរាលដាលបានល្អ ប្រសើរមានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។ ម៉្យាងវិញទៀត មាតាបិតាអ្នកអាណាព្យាបាល គ្រូបង្រៀន និងសិស្សនិស្សិត បានទទួលវ៉ាក់សាំងចាក់ការពារកូវីដ១៩ ក្នុងអត្រាខ្ពស់អស់ហើយ។

បន្ថែមពីនេះលោក ឈូ ប៊ុនរឿង បានគូសបញ្ជាក់ថា ការបើកដំណើរការបង្រៀនឡើងវិញគ្រប់សាលាគ្រប់កម្រិត ដោយកំណត់មួយថ្នាក់មាន១៥ ទៅ ២០នាក់ និងឆ្លាស់វេនគ្នា និងបន្តអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការ សុខាភិបាលជាចាំបាច់នានាចំពោះភូមិសាស្ត្រណាមានហានិភ័យទាប តែចំពោះភូមិសាស្ត្រដែលមានហានិភ័យមធ្យម និងខ្ពស់ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩-១២ ហើយកម្រិតថ្នាក់ផ្សេងទៀតនៅមធ្យមសិក្សា និងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀនតាមបណ្ដុំដែលមានចំនួនតិចជាង១៥ ទៅ២០នាក់ និងឆ្លាស់វេនគ្នា ដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រងទៀតផង៕