(ភ្នំពេញ)៖ គណៈប្រតិភូកាកបាទក្រហម ខេត្តសៀមរាប ដឹកនាំដោយលោកស្រី គួយ ណាលីន ឃឹម​ប៊ុនសុង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងជាប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើមី្បសន្តិភាពនិងអភិវឌ្ឍន៍ខេត្តសៀមរាប ​នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានស្ត្រីទើបសម្រាលកូនតូច ចាស់ជរាគ្មានទីពឹង ពិការ ក្រីក្រ ចំនួន៣៤គ្រួសារ នៅស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងឱកាសទទួលសាទរថ្ងៃបុណ្យចូល ឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ និង ជាគោលបំណងលើកកម្ពស់ យកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ។

លោកស្រី គួយ ណាលីន បានធ្វើការណែនាំឲ្យបងប្អូនជាស្ត្រី និង ចាស់ជរា ពិការ សំខាន់ស្ត្រីដែលទើបសម្រាលកូនតូច ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពទាំងម្តាយ និងកូន ដោយត្រូវនាំកូន របស់ខ្លួនមកមណ្ឌលសុខភាព ដើមី្បទទួលការចាក់ថ្នាំបង្កាការពារជម្ងឺ  និងត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ដោយត្រូវចេះធ្វើអនាម័យ បរិស្ថានក្នុងភូមិដ្ឋាន គឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត ។

លោកស្រី គួយ ណាលីន ឃឹម​ប៊ុនសុង បានធ្វើការបញ្ជាក់ថា ការសង្រ្គោះជីវិតមាតា ទារកនិងកុមារ គឺជាសកម្មភាពមនុស្សធម៌ និងជាការកសាងសង្គមគ្រួសារ សង្គមជាតិ សម្រាប់ ជំនាន់បច្ចុប្បន្នផង និងជំនាន់បន្ទាប់ផង បើមាតាមានសុខភាពល្អ បុត្រា បុត្រីក៏មានសុខភាពល្អ និង បន្តទៅកូនចៅជំនាន់ក្រោយ​មានសុខភាពរឹងមាំ។

ក្នុងនោះដែរលោកស្រីក៏បានធ្វើការអំពាវនាវ ដល់ស្ត្រីគ្រប់រូបទាំងអស់ ត្រូវធ្វើការយកចិត្តទុកដាក់ជាប្រចាំ ក្នុងការថែទាំសុខភាព ឲ្យបានគ្រប់ពេលវេលា ពីព្រោះថា សុខភាពជា បញ្ហាចំបងរបស់មនុស្សជាតិយើងគ្រប់គ្នា។

ក្នុងនោះគណៈប្រតិភូបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនជាស្ត្រី ដែលទើបសម្រាលកូន ចាស់ជរា ពិការ និង ក្រីក្រ ដោយមួយគ្រួសារទទួលបាន សារុង០១, ក្រមា០១, សាប៊ូលុច្ស០១ដុំ, ច្រាសដុសធ្មេញ០១, ថ្នាំដុសធ្មេញ០១ទីប, នំ០១ធុង, សាប៊ូម្សៅ០១កញ្ចប់, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកដោះគោ១កំប៉ុង, អំបិល១គីឡូក្រាម, ប្រេងឆា, ប៊ីចេង១កញ្ចប់, អង្ករ២៥គីឡូក្រាម និងថវិកា៤ម៉ឺនរៀល៕