(កំពង់ធំ)៖ ក្នុងនាមជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ លោក ថោង ខុន បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានខេត្តនេះ ខិតខំដោះស្រាយរាល់សំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ​តាមមូលដ្ឋាន​ឲ្យបានទាន់ពេលវេលា មានតម្លាភាព និងប្រសិទ្ធភាព ។

ការលើកឡើងរបស់ លោក ថោងខុន បានធ្វើឡើងខណៈដែល ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំប្រចាំខែ ដើម្បីត្រួតពិនិត្យ​រាល់សកម្ម​ភាព​ការងារ ដែលបានដាក់ចេញ និងពិភាក្សាលើទិសដៅការងារសំខាន់ៗ ជាអទិភាពដើម្បីបំរើដល់សេចក្តីត្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។

លោក ថោង ខុន បានលើកឡើងថា ការងារសំខាន់ៗជាអាទិភាពដែលក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាដោះស្រាយជូនប្រជាពលរដ្ឋបន្តទៀតរួមមាន៖ ការចុះអន្តរាគមន៍ដោះស្រាយទឹកជូនប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត ខ្វះទឹកធ្វើស្រែ និងប្រើប្រាស់  ការជីកអណ្តូង ការជីកប្រឡាយតូចៗចេញពីប្រឡាយមេ ដើម្បីនាំទឹកបញ្ចូល​ស្រែរបស់​ប្រជា​ពលរដ្ឋ   ការចុះពិនិត្យផ្ទៀងផ្ទាត់​ដីនៅតំបន់​គោលដៅ ក្រុងស្រុកទាំង០៥ និងការចេញ​សាលាកប័ត្រ​​ព័ត៌មានជូន​ប្រជាពល​រដ្ឋអាស្រ័យ​​ផល​ជាក់ស្តែង លើដីនៅតំបន់៣ និងតំបន់២ ការចុះធ្វើ​អត្តសញ្ញាប័ណ្ណ​​គំរូថ្មីជូនប្រជាពលរដ្ឋ​នៅមូលដ្ឋាន​ឲ្យបានគ្រប់​ៗគ្នា ការផ្តល់សេវាសាធារណៈ​នៅមូលដ្ឋាន​អោយបានរហ័ស និងមានតម្លាភាព និងការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​នៅតាមមូលដ្ឋាន ដោយអនុវត្តឲ្យបានហ្មឹងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងការជម្រុញដោះស្រាយនូវការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅមូលដ្ឋានដូចជា សាលារៀន មណ្ឌល​សុខភាព ទំនប់ ប្រឡាយ ទ្វាទឹក និងសំណូមពរជាក់​ស្តែងនានា​របស់ប្រជា​ពលរដ្ឋ​មូលដ្ឋាន។

ក្រៅពីការងារខាងលើ លោក ថោង ខុន ក៏បានជម្រុញដល់គ្រប់អាជ្ញាធរ​មូលដ្ឋានយក​ចិត្តទុកដាក់​ឲ្យបានកាន់​តែសកម្មថែម​ទៀត លើការផ្តល់សេវាសាធារណ:​ជូនដល់ប្រជាពលរដ្ឋ ដោយជៀសវៀង​ឲ្យបាននូវការថ្នាំង​ថ្នាក់​ទាក់ទងការផ្តល់​សេវាយឺតយ៉ាវ មិនទាន់ពេលវេលា ឬការយកលុយពីការផ្តល់​សេវារួមទាំង​អាកប្បកិរិយា​មិនគប្បីដាក់​ប្រជាពលរដ្ឋពេល ដែលប្រជាពលរដ្ឋ​មករកការផ្តល់​សេវាពីអាជ្ញាធរ​មូលដ្ឋាន៕