(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្ដ​គាំទ្ររាល់សកម្មភាពមនុស្សធម៌​របស់ក្រុមគ្រូ​ពេទ្យស្ម័គ្រចិត្ដ​សហភាពសហពន្ធ័យុវជន​កម្ពុជា (ស.ស.យ.ក) ខេត្ដស្វាយរៀង។

លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានថ្លែងបញ្ជាក់ដូចនេះ ក្នុងឱកាសដែលលោកស្រីផ្ដល់កិត្ដិយសអញ្ជើញចូលរួមក្នុងពិធីសំ ណេះសំណាលជាមួយ​ក្រុមគ្រូពេទ្យស័គ្រចិត្ដ​សហភាពសហព័ន្ធ​យុវជនកម្ពុជា ខេត្ដស្វាយរៀង នៅរសៀលថ្ងៃទី០៨ ខែមេសា នៅសណ្ឋាគារកាំបូឌីយ៉ាណា។

លោកស្រ្តី ម៉ែន សំអន បន្តថា «បេសកកម្មរបស់ក្រុមគ្រូពេទ្យស័គ្រចិត្ដនេះ ពិតជាបានផ្ដល់សេវា ចុះពិនិត្យ និង ធ្វើការព្យាបាលជំងឺជូនពលរដ្ឋនៅជនបទ ដោយមិនគិតថ្លៃ និងបាន​កាត់​បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី»

តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា ដែលមានលោក ឌី វិជ្ជា ជាប្រធាន បានចុះពិនិត្យ និង ព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទីទាល់ក្រីក្រដោយសប្បុរសធម៌។

លោកស្រី បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ ទី២ និងទី៣ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា លើគ្រប់វិស័យ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ ទន្ទឹមនឹងនោះ ការលើកកម្ពស់ការផ្ដល់សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រស្ត្រី និងកុមារត្រូវ​បានកំណត់ក្នុងផែនការយុទ្ធសាស្ត្រសុខា​ភិបាល២០១៦-២០២០ ជាលទ្ធផលរាជរដ្ឋាភិបាលសម្រេច បាននូវសមិទ្ធិផល ដ៏ធំធេងដូចជាការបញ្ចប់សង្គ្រាមនិងទទួល បានសុខសន្តិភាពពេញលេញ។
 
សូមបញ្ជាក់ថា ថ្មីៗនេះ សកម្មភាពរបស់ក្រុមគ្រូពេទ្យស័គ្រចិត្ដសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យព្យាបាល ជំងឺជូនប្រជា ពលរដ្ឋទីទាល់ក្រ ដោយឥតគិថ្លៃ មានចំនួន ១០៨៣០ គ្រួសារ មកពី៩ ភូមិ ក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង៕