(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានសម្រេចបង្កើតក្រុមការងារមួយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ រង់ចាំជួប សម្របសម្រួល និងដោះស្រាយជាមួយក្រុមអ្នកតវ៉ា ឬ ក្រុមបាតុករពាក់ព័ន្ធបញ្ហាដី ធ្លី។

ក្រុមការងារ ដែលបង្កើតឡើង ដោយលោក ជា សុផារ៉ា ក្រោយចូលកាន់តំណែងបាន ៤ថ្ងៃនេះ មានសមាជិក ១១នាក់ ចាប់ពីថ្នាក់រដ្ឋលេខាធិការ រហូតដល់ថ្នាក់អនុប្រធាននាយកដ្ឋាន។ ក្រុមការងារនេះ មានភារកិច្ចចំនួន ៧រួមមាន៖
១. ទទួលជួបក្រុមអ្នកតវ៉ា ឬក្រុមបាតុករ
២. ទទួលញត្តិ និងឯកសារពាក់ព័ន្ធនានាពីក្រុមអ្នកតវ៉ា ឬ ក្រុមបាតុករ
៣. សម្របសម្រួល និងដោះស្រាយជាមួយក្រុមអ្នកតវ៉ា ឬ ក្រុមបាតុករ
៤. ស្នើវិធានការដោះស្រាយ ដើម្បីសុំការសម្រេចពីក្រសួង
៥. ទំនាក់ទំនងជាមួយក្រុមអ្នកតវ៉ា ឬក្រុមបាតុករ ដើម្បីទទួលបានព័ត៌មានបន្ថែម និងជូនដំណឹងអំពីដំណោះស្រាយ
៦. តាមដានការអនុវត្តវិធានការក្នុងការដោះស្រាយរហូតដល់ករណីវិវាទ ត្រូវបានបញ្ចប់ជាស្ថាពរ និង ធ្វើរបាយការណ៍ជូនក្រសួងអំពីវឌ្ឍនភាព នៃដោះស្រាយជាជំហានៗ
៧. ធ្វើរបាយការណ៍លទ្ធផលប្រចាំត្រីមាស ឆមាស និង ប្រចាំឆ្នាំជូនក្រសួង។

លោក ជា សុផារ៉ា បានបញ្ជាក់ថា ក្រុមការងារនេះ ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០៨ ខែមេសា នេះតទៅ៕