(កោះកុង)៖ អគ្គនាយករង នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ពីររូប គឺលោកឧត្តមសេនីយ៍ ជា ធា និង ឧត្តមសេនីយ៍ ស រដ្ឋា បានក្រើរំលឹកដាស់តឿនទៅដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកចាំយាម ខេត្តកោះកុង ឲ្យខិតខំធ្វើការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទប់ស្កាត់នូវការលួចឆ្លងដែនខុសច្បាប់របស់ជនបរទេសចូលមកទឹកដីកម្ពុជា។

ការក្រើនរំលឹក និងដាស់តឿននេះ បានធ្វើឡើងក្នុងឱកាសដែលរូបលោកទាំងពីរតំណាងឲ្យនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះទៅសួរសុខ និងនាំអំណោយមួយចំនួនចែកជូនដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ប្រចាំនៅច្រក  អន្តរជាតិចាំយាមនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ។

ទន្ទឹមការសំណេះសំណាលសួរសុខ លោកឧត្តមសេនីយ៍ ជា ធា និង ឧត្តមសេនីយ៍ ស រដ្ឋា បានជំរុញលើកទឹកចិត្តដល់មន្ត្រីបុស្តិ៍នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាមទាំងអស់បន្តប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីគ្នាជាធ្លុងក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ ជាពិសេស ពង្រឹងការស៊ើបអង្កេត ចូលរួមទប់ស្កាត់ និង កំណត់មុខសញ្ញាជនល្មើសលួចឆ្លងដែនចូលមកទឹកដីកម្ពុជាខុសច្បាប់ ដោយអនុវត្តតាម ផែនការយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យបានប្រសិទ្ធិភាពខ្ពស់ និង ការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវជាតិ អន្តរ ជាតិទាំងអស់ ក្នុងពេលធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែននាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

ក្រៅពីជំរុញអនុវត្តការងារឧត្តមសេនីយ៍អគ្គនាយករងទាំងពីររូប ក៏បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់នគរបាលអន្តោប្រវេ សន៍។ លោកឧត្តមសេនីយ៍ទាំងពីររូប ក៏បាននាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន របស់នាយឧត្តមសេនីយ៍ សុខ ផល ជូនដល់កងកម្លាំង ប្រចាំការនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាមផងដែរ៕