(ពោធិ៍សាត់)៖ នាថ្ងៃទី​​០៨ ខែ​មេសា ឆ្នាំ ២០១៦ សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ បានរៀបចំរាត្រីស្រមោលស ដើម្បីអបអរសាទរខួបលើកទី១៥៣ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា នៅស្នាក់ការសាខា​មានអ្នកចូលរួម​ប្រមាណ​ ២,០០០នាក់​ ទទួលបានថវិកាជិត​​១៤ម៉ឺនដុល្លារអាមេរិក ដែលស្ថិតក្រោម​អធិបតីភាព​លោកឧកញ៉ា​បណ្ឌិត ជា រតនា និង​លោកស្រី លី ហៀក រតនា តំណាងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា លោក ម៉ៅ​ ធនិ​ន​ អភិបាលខេត្តពោធិ៍សាត់​ និង​​លោក​ស្រី​ ហ៊ុន​ ចាន់ធី​ ​។

លោក ម៉ៅ ធនិន ជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជួសមុខឲ្យក្រុមប្រឹក្សា គណៈអភិបាល គណៈកម្មាធិការសាខា គណៈកម្មការស្វែងរកមូលនីធិ អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន អ្នកស្ម័គ្រចិត្តនៃសាខា និង​ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានសម្តែងនូវគាវរកិច្ចចំពោះ ឧកញ៉ា​បណ្ឌិត ជា រតនា និង​លោកស្រី ព្រមទាំងលោក លោក​ស្រី អ្នកឧកញ៉ា លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងរាត្រីសមោស អបអរសាទរខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨​ឧសភា  ក្រោមប្រធានបទ «គ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» នៅលើទឹកដីខេត្តពោធិ៍សាត់នាពេលនេះ ។

ការប្រារព្ធទិវានេះ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយផង និង​ឲ្យមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ដែលកំពុងអនុវត្តដ៏​មានប្រសិទ្ធិភាព និង ទាន់ពេលវេលា ។

​ជាក់ស្តែងនៅក្នុង​ឆ្នាំ២០១៥ បានធ្វើសកម្មភាពឆ្លើយតបចំពោះ​ប្រជាពលរដ្ឋរង​គ្រោះបាន ចំនួន៦,៥៧៣គ្រួសារ​ និង​ ថ្នាក់កណ្តាលកាក​បាទក្រហម​កម្ពុជា​បាន​ចំនួន​៩៧៧គ្រួសារ ដូចជាភ្លើងឆេះផ្ទះ ខ្យល់កន្ត្រាក់រលំផ្ទះ​ ទឹកជំនន់​ រាំងស្ងួត ទុរគតជន ចាស់ជរាគ្មានទីពឹង ជនពិការ អ្នកផ្ទុកមេរោគអេដស៍ និង​គ្រោះថ្នាក់ផ្សេងៗ ។

លោក ឧកញ៉ា បណ្ឌិត ជា រតនា បានពាំនាំ និង​ការផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង​បានថ្លែងអំណរគុណ និង​កោតសរសើរចំពោះ លោក​ស្រី លោកឧកញ៉ា លោក លោកស្រី និង សម្បុរសជន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ ជាមនុស្សធម៌ ដល់សាខាកាកបាទ​ក្រហមខេត្តពោធិ៍​សាត់​ជាង៥ឆ្នាំ​មកហើយ ។

​លោកឧកញ៉ា បណ្ឌិត បានបន្តថាកាកបាទក្រហមកម្ពុជា នៅតែបន្តជួយ ដល់ជនរងគ្រោះ និង ខ្វះខាត នៅតាមមូលដ្ឋានគ្រប់ទីកន្លែង និង គ្រប់កាលៈទេសៈ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា រួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ និង វប្បធម៌ចែករំលែក​ចាប់ផ្តើមពីខ្ញុំ» ។ ឆ្នាំ២០១៦ នៅមានកិច្ចការធំៗជាច្រើន ត្រូវរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា និង ធ្វើការឆ្លើយ​តបទៅនឹងវិបត្តិទាំងនោះ ដើម្បីជាក្តីសង្ឃឹម និង ភាពកក់ក្តៅរបស់ជនរងគ្រោះ ។ សកម្មភាពមនុស្សធម៌ គឺគ្មានព្រំដែនកំណត់ទេ និង ទាមទាកម្លាំងច្រើនចូលរួមពិសេស​ជាមួយរាជរដ្ឋា​ភិបាល​កម្ពុជា និង ដៃគូរសហប្រតិបត្តិការនានា ដែលបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៏គ្រឹះទាំង​៧ របស់ចលនា​អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្មគ័្រចិត្ត ឯកភាព និង​សកលភាព​ ។

នៅក្នុងពិធីនោះគណៈកម្មការបានរៀបចំឲ្យមានចាប់រង្វាន់ចំនួន ៩៨រង្វាន់ ក្នុងនោះម៉ូតូ ៣រង្វាន់ ទូរទស្សន៍  SAMSUNG LED 32"ចំនួន ២រង្វាន់ កង់ហាត់ប្រាណ ២រង្វាន់ ឆ្នាំងដាំបាយអគ្គីសនីធំ ៧រង្វាន់ កង្ហារបញ្ឈរធំ ៧រង្វាន់ ឆ្នាំងអ៊ុតអគ្គីសនីធំ ១២រង្វាន់ ធុងទឹកកកបួនជ្រុង ១២រង្វាន់ និង មួកសុវត្ថិភាព ៥០រង្វាន់ សរុបជាទឹកប្រាក់​ ៦៧២២ដុល្លារអាមេរិក​ ៕