(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរឃុំ ដែលបញ្ឈប់ការបន្ទោសបង់ពាសវាលពាសកាលទាំងស្រុង ស្ថិតនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ ពិធីនេះក៏មានការចូលរួមពីអាជ្ញាធរ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៤០០នាក់។ កម្មវិធីនេះត្រូវមានបង្គន់អនាម័យប្រើប្រាស់១០០% ក្រោមកិច្ចសហការគាំទ្រដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការUNICEF ហើលបានរៀបចំឡើងនាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦នេះ។

លោក គង់ វិមាន បានលើកយកអនុសាសន៍របស់សម្តេច ទី១ ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់បណ្តុះឆន្ទៈមន្ត្រីប្រតិបត្តិ ក្នុងការងារនេះឲ្យអនុវត្តជាប្រចាំ ទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់ការ លើការងារលើកកម្ពស់អនាម័យជនបទ ទី២ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការសម្របសម្រួលតាមគ្រប់ទម្រង់ គ្រប់រូបភាព ដើម្បីកៀរគរធនធានពីវិស័យឯកជន អង្គការនានាក្នុងការលើកកម្ពស់អនាម័យ និងផ្គត់ផ្គង់ទឹកជនបទឲ្យកាន់តែប្រសើរឡើង និងទី៣ត្រូវផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតអនាម័យជនបទ និងបន្តលើកកម្ពស់ប្រតិបត្តិអនាម័យល្អ និងថែទាំសុខភាពជាមូលដ្ឋានការហូបទឹកមានសុវត្ថិភាព ការទុកដាក់ទឹកឲ្យមានសុវត្ថិភាព ព្រមជាមួយការប្រើប្រាស់សាប៊ូលាងដៃជាប្រចាំ ការបន្ទោសបង់ក្នុងបង្គន់ ការថែទាំសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ការគ្មានជម្ងឺ។ លោកបានបន្តទៀតថា នៅក្នុងគ្រួសារ និងនៅតាមសាលារៀន ត្រូវមានបង្គន់អនាម័យប្រើប្រាស់ មានកន្លែងលាងសម្អាតដៃនិងសាប៊ូ មានការស្តុកទុកដាក់ទឹកផឹកឲ្យមានសុវត្ថិភាពតាមគ្រួសារ ការសម្អាតអនាម័យបរិស្ថានតាមផ្ទះ ភូមិ-ឃុំ និងសាលារៀន។

ក្នុងឱកាសនោះដែរ លោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានលើកឡើងនូវសកម្មភាព សហគមន៍ដឹកនាំអនុវត្តអនាម័យ ដោយខ្លួនឯង ក្នុងកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទផងដែរ ដែលបានសម្រេចនាពេលកន្លងទៅ៕