(​ណៃ​ពិដោ​)៖ ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​មី​យ៉ាន់​ម៉ា​លោកស្រី អោង​សាន ស៊ូ​ជី បានទទួល ការវះកាត់​ភ្នែក​បន្ទាន់ នៅ​មុន​នេះ​បន្តិច ដោយសារតែ​លោក​ស្រី ទទួល​ទុក្ខ​បុក​ម្នេញ​ដោយសារ បញ្ហា​នេះ​ជា​យូរណាស់​មកហើយ​។ នេះ​បើ​តាម​ការចេញផ្សាយ​មុន​នេះ​បន្តិច ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០៩ ខែ​មេសា ឆ្នាំ​២០១៦​។​

​តាម​សម្តី​អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក U Win Htein ឲ្យដឹងថា «​លោកស្រី ស៊ូ​ជី បានទទួល​ការវះកាត់​កាលពី​ព្រឹក​មិញ នៅក្នុង​មន្ទីរពេទ្យ​នៃ​រដ្ឋធានី​ណៃ​ពិដោ​។ ការវះកាត់​នោះ បាន​ទទួល​ជោគជ័យ​ហើយ ប៉ុន្តែ​លោកស្រី​ត្រូវការ​សម្រាក​ឲ្យបាន​ធូរស្រា​លសិន មុននឹង ធ្វើការ​វះកាត់​ម្តងទៀត​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ខាងមុខ​»​។

​គួរបញ្ជាក់​ថា ក្រៅ​ពី​តំណែង​ជា​ទីប្រឹក្សា​រដ្ឋ​កំពូល និង​រដ្ឋមន្ត្រី​ការបរទេស​នោះ លោកស្រី ស៊ូ​ជី ក៏មាន តួនាទី​ជា​រដ្ឋមន្ត្រី​នៃ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ផងដែរ​។ ការវះកាត់​ភ្នែក​នេះ ក៏​ដូច​ជា​ការ​ត្រៀម​ទទួល បន្ទុក​ការងារ​ធំ​ប៉ុន​មហា​ភ្នំ ដែល​គណបក្ស​លោក​ស្រី នឹង​ត្រូវ​ដឹកនាំ​ប្រទេស​រយៈពេល ៥​ឆ្នាំ​ទៅ​មុខ ជាពិសេស​លោក​ស្រី​ផ្ទាល់​ដែល​ហាក់ នឹង​ទទួល​រងបន្ទុក​ការងារ​ច្រើន​ជាង​គេ​៕